Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំរុញឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តអនុវត្តគោលការណ៍សុវត្ថិភាពបី ដែលរួមមាន ៖ ទី១. ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ទី២. ធ្វើឲ្យផ្លូវមានសុវត្ថិភាព និងទី៣. ធ្វើឲ្យយាន្តជំនិះមានសុវត្ថិភាព។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ នេះ ជាឯកសារគោលដ៏មានសារសំខាន់សម្រាប់តម្រង់ទិសការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានសម្រេចជោគជ័យតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ 

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្តាញសារព័ត៌មាននានា អង្គការជាតិ អន្តរជាតិ រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមការអំពាវនាវ និងសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករេដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ផងដែរ។

គួរបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នផ្លូវជាតិ និងផ្លូវខេត្តដែលត្រូវបានសាងសង់រួចមានចំនួន៨៣១ខ្សែ ប្រវែងសរុប១៩.៧៩៥(មួយម៉ឺនប្រាំបួនពាន់ប្រាំពីររយកៅសិបប្រាំ) គីឡូម៉ែត្រ។ ក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង មានប្រវែង ១១.០៤២គីឡូម៉ែត្រ។ ការចុះបញ្ជីយានយន្តមានចំនួន ៧.០៣០.២២៨ គ្រឿង (១.០៥៩.០១៣គ្រឿង ជាប្រភេទរថយន្ត និង ៥.៩៧១.២១៥គ្រឿង ជាប្រភេទម៉ូតូ) បើធៀបនឹងការចុះបញ្ជីយានយន្តនៅឆ្នាំ១៩៩៨ មានចំនួនតែ ២៧. ៧០៧គ្រឿង (៥.៩៥១គ្រឿង ជាប្រភេទរថយន្ត និង ២១.៧៥៦គ្រឿង ជាប្រភេទម៉ូតូ)។ នៅឆ្នាំ២០១១ អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនយានយន្តចុះបញ្ជី ១០.០០០គ្រឿង គឺមានចំនួន ១០នាក់ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកនៅត្រឹម ២,៨នាក់ នៅឆ្នាំ២០២០ និង ២,៦នាក់ នៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជាង៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ។

ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១-២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកធៀបនឹងចំនួនប្រជាជន ១០០. ០០០នាក់ ពី១៣,១នាក់ នៅឆ្នាំ២០១១ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២០ និង ១០,១នាក់ នៅឆ្នាំ២០២២។ ក្នុងនោះយើងបានពិនិត្យ និងវាយតម្លៃឃើញថា កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កត្តាមនុស្សចំនួន ៩៦,៨% កត្តាយានយន្តចំនួន ២,៨% និងកត្តាផ្លូវចំនួន ០,៦%។ ក្នុងឆ្នាំ២០២០ ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កម្ពុជាត្រូវបានប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួនប្រមាណ ៣៧៩,២លានដុល្លារអាមេរិក៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *