Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អ្វីដែលសំខាន់ក្នុងការរៀបចំកម្មវិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបឆ្នាំ២០២៣នេះ គឺដើម្បីទាក់ទាញពលរដ្ឋឱ្យមកឃើញសមិទ្ធផលនៃខេត្តជាប់សមុទ្រមួយនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដែលសំខាន់ក្នុងការរៀបចំកម្មវិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបឆ្នាំ២០២៣នេះ គឺដើម្បីទាក់ទាញពលរដ្ឋឱ្យមកឃើញសមិទ្ធផលនៃខេត្តជាប់សមុទ្រមួយនេះ។

ថ្លែងនៅក្នុងពិធីបិទបុណ្យសមុទ្រនៅក្នុងខេត្តកែបនាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តកែបគឺជាធំក្នុងការរៀបចំបុណ្យសមុទ្រឆ្នាំនេះ។

សម្ដេចលើកឡើងបែបនេះគឺបន្ទាប់ពីសម្ដេចបានមកចូលរួមបុណ្យសមុទ្រនៅខេត្តកែបកាលពីថ្ងៃទី២ ខែធ្នូ ស្របពេលដែលមានបញ្ហាអាកាសធាតុរំខានបន្តិចបន្តួច។

សម្ដេចបន្ថែមថា ទោះជាយ៉ាងណាខេត្តកែបបានក្លាយជាខេត្តទីមួយដែលនាយករដ្ឋមន្ត្រីបានចូលរួមទាំងបើកនិងបិទបុណ្យសមុទ្រទាំង២ថ្ងៃ។

ជាមួយគ្នានេះសម្ដេចក៏បានបង្ហាញនូវចក្ខុវិស័យកែប្រែកែបឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ ជាមួយនឹងការអភិវឌ្ឍឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីទាក់ទាញទេសចរណ៍មកខេត្តនេះផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនាទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថានឱ្យល្អស្អាត ស័ក្ដិសមជាតារារះនាទិសនិរតី។ ការអំពាវនាវនេះ​  ក្នុងពិធីបិទ​ “បុណ្យសមុទ្រលេីកទី១០​”​ ក្រោមប្រធានបទ​ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” នៅក្រុងកែប ខេត្តកែប​ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ។   

ពិធីនេះក៏មានការអញ្ជើញចូលរួមពី​សំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តា​ប្រទេស​ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យុវជន សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *