Breaking News

រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំពីខែមិថុនា ឆ្នាំ២០១៩មកដល់បច្ចុប្បន្ន ចំណាយថវិកាអស់ជិត២៩លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា “កម្មវិធីចំណាយថវិកាឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានចាប់ផ្តើមអនុវត្ត នៅខែមិថុនា ឆ្នាំ២០១៩ ហើយកំពុងបន្តដំណើរការអនុវត្តមកដល់បច្ចុប្បន្នចំណាយថវិកាអស់ជិត២៩លានដុល្លារ” ។ នេះជាការថ្លែងរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ” នាព្រឹកថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឯកឧត្តម ជា សុមេធី បានថ្លែងថា “កម្មវិធីនេះមានគោលបំណង លើកកម្ពស់សុខភាពមាតា ទារក និងអាហារូបត្ថម្ភ ក្នុងការជំរុញការលូតលាស់ ទាំងកាយសម្បទា និង បញ្ញាស្មារតី។ អ្នកទទួលផលដែលជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទទួលបានការឧបត្ថម្ភនៅ ពេលអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពមុនសម្រាលចំនួន ៤ដង, ពេលសម្រាលនៅមូលដ្ឋានសុខាភិបាល សាធារណៈ និងពិនិត្យសុខភាពក្រោយសម្រាល និងយកកូនចាក់វ៉ាក់សាំងនិងទទួលថ្នាំបង្ការ ចំនួន១០ដង ចាប់ពីពេលមានផ្ទៃពោះរហូតដល់កុមារអាយុ២ឆ្នាំ” ។

ឯកឧត្តម ជា សុមេធី បន្តថា “គិតចាប់តាំងពីចាប់ផ្តើមអនុវត្តកម្មវិធីពីខែមិថុនា ឆ្នាំ២០១៩ មកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានអ្នកចុះឈ្មោះចូលកម្មវិធីសរុបចំនួន ៣សែន៤ម៉ឺន ៤ពាន់ ៦៧៤នាក់ ការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពមានចំនួនជិត១លាន៩ករណី អ្នកចាកចេញពីកម្មវិធីមានចំនួនជិត២សែននាក់ និងចំណាយថវិកាឧបត្ថម្ភសរុបចំនួន មួយរយដប់ប្រាំ ប៊ីលាន បួនរយប៉ែតសិបប្រាំពីរលាន បីរយម្ភៃពាន់រៀល) ស្មើនឹង២៨,៨៧លានដុល្លារ៕

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *