Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាបណ្ដុំ នៃកម្មវិធីជាតិជំនួយសង្គម(កម្មវិធីដែលមានស្រាប់ និង កម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុងទម្រង់រួមមួយ ក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កម្មវិធីចំនួន៤ នឹងត្រូវ ធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសារ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បិរយាបន្ន និងសមធម៌ និងការជៀសវាងបាននូវការធ្លាក់ចុះយ៉ាងគំហុក នៃប្រាក់ចំណូលសម្រាប់គ្រួសារដែល ធ្លាប់ទទួលបានប្រាក់ឧបត្តម្ភ កន្លងមក។

ដោយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការ នូវក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤។

រីឯ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន “សេចក្តីព្រាងក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន” ត្រូវបានរៀបចំឡើង ក្នុងគោល បំណងធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានានៅពេលអ នាគត។

ក្របខណ្ឌនេះកំណត់អំពីប្រភេទគ្រោះអាសន្ន ដែលប្រព័ន្ធគាំពារសង្គមអាចឆ្លើយតបបាន រួមមាន៖

(១) វិបត្តិគ្រោះធម្មជាតិ

(២) វិបត្តិសុខភាពសាធារណៈ និង

(៣) វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្របខណ្ឌនេះ ក៏ កំណត់អំពីទំហំនៃផលប៉ះពាល់ និងសូចនាករប្រកាសអាសន្ន ក៏ដូចជាផ្តល់នូវជម្រើសឧបករណ៍វិធានការគោល នយោបាយ (Policy Tools) ទាំងជំនួយសង្គម និងសន្តិសុខសង្គម ដែល រាជរដ្ឋាភិបាលអាចដាក់ចេញ ដើម្បីជួយរក្សាលំនឹង និងស្ដារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់អវិជ្ជមាន ពីគ្រោះអាសន្ន ជាលក្ខណៈប្រព័ន្ធ, អាចទស្សន៍ទាយជាមុន, ទាន់ពេល និងមានប្រសិទ្ធភាព៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *