Breaking News

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ស្ថិតក្នុងប្រទេសស្វីស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ២០២៤ និងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល ៥ ឆ្នាំ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំ​នៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ មានដូចជា ប្រទេសកម្ពុជាជាប្រធានអនុសញ្ញា តួកគី អង់គ្លេស អៀរឡង់ ស្លូវេនី អ៊ីតាលី ហូឡង់ ម៉ិកស៊ិក អូទ្រីស នូវែលសេឡង់ ម៉ូសំប៊ិក បែលហ្សិក អង់ហ្គោឡា បារាំង កាណាដា ស្វីស សំប៊ី ប៊ូគីណាហ្វាសូ ដាណឺម៉ាក ជប៉ុន អាល់ហ្សេរី អាល្លឺម៉ង់ ន័រវេស ប៉េរូ អាហ្រិ្វកខាងត្បូង កូឡុំប៊ី ថៃ ស៊ុយអែត អូស្ត្រាលី សហភាពអឺរ៉ុប ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក(Danish Refugee Council) អង្គការ UNMAS, GICHD, ICBL, ICRC, UNODA, MAG, HALO Trust, NPA និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU)។

កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ប្រកបដោយជោគជ័យ ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាព និងវិធានការសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។

គូសបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព៥ ឆ្នាំបន្តនេះ នឹងត្រូវបាន​ដាក់ឈ្មោះថា​សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល ។ ឯកសារទាំងនេះ ជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា​ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួល​បានផ្លែផ្កាជាទីមោទនៈ ហើយគោលដៅអាទិភាពទាំងបីរបស់កម្ពុជា​ក្នុងនាមជាប្រធាន​អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអាចសម្រេចបានដោយជោគជ័យ៕ដោយ៖ សិរី នាគ

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *