Breaking News

តារាល្បីតាមបណ្ដាញសង្គមFacebook ,Tik Tok ខាងធ្វើម្ហូប បើករថយន្តបុក បុរសជាអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសជាអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូត្រូវបានរថយន្តសេ៊រីទំនើបបើកបរដោយតារា Tik Tok ជាជនជាតិចិនបើកលឿនដូចហោះបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះ ឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

អ្នកបើកបររថយន្តបង្កហេតុត្រូវបានអ្នកឃើញហេតុការណ៍អះអាងថាជាបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebook ,Tik Tok ខាងធ្វើម្ហូប។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែត្រូវបានរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebookខាងធ្វើម្ហូប ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានរួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយធ្វើការឃាត់ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបម្រុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។

ប្រភពដដែលបានបន្តទៀតថា ពេលដែលសមត្ថកិច្ចសួរនាំ តារារូបនេះបានបដិសេធថា ខ្លួនមិនមែនជាអ្នកបើកនោះទេ គឺអ្នកផ្សេងជាអ្នកបើក តែប្រជាពលរដ្ឋឃើញច្បាស់ថាគាត់ជាអ្នកចុះពីលើរថយន្តបង្ក ទោះជាយ៉ាងណាខាងសមត្ថកិច្ចបាននាំអ្នកបើកបររថយន្តបង្កនិង មិត្តភក្តិ២នាក់ទៀតយកទៅផ្នែកជំនាញដើម្បីសួរនាំបន្តនៅខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកជំនាញប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះនិងរថយន្តបង្កគេឃើញសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅជំនាញនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕SRN

Check Also

អ្នកសារព័ត៌មានចំនួន ជិត៨០% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *