ខេត្តកំពត៖ ថ្ងៃអង្គារ ខែពិសាខ ឆ្នាំជូត ទោស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១វេលាម៉ោង៧និង១៥នាទីព្រឹក មានករណី គ្រោះថ្នាក់ចរាចរមួយកើតឡើងត្រង់ចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើកំណាក់ផ្លួវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ១២៧និង១២៨ រវាងម៉ូតូកង់បីនិងម៉ូតូសេ១២៥ក្នុងទិសដៅស្របគ្នា ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា៖ ក្នុងករណីនេះបង្កឡើងដោយម៉ូតូកង់បីពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ១BX-៣៥៥៨ ធ្វើដំណើរពីកើតទៅលិចដល់ចំណុចកើតហេតុបានបត់ឆ្វេងដោយមិនបានដឹងម៉ូតូសេ១២៥មួយគ្រឿងបើកបរពីក្រោយបណ្តាលឲ្យម៉ូតូសេ១២៥ដែលបើកពីក្រោយហើយឌុបគ្នាពីរនាក់ប្តីប្រពន្ធផងនោះបុកទទឹងម៉ូតូកង់បីពេញទំហ៊ឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ប្តីប្រពន្ធហើយត្រូវបានគេដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពតភ្លាមៗ។
សមត្ថកិច្ចនគរបាលចរាចរស្រុកដងទង់បានឲ្យដឹងទៀតថា៖ អ្នកបើកបរម៉ូតូកង់បីមានឈ្មោះ ប៊ុន ណែត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (មិនមានរងរបួសទេ) ។ ចំណែកអ្នកបើកបរម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៣ពណ៏ខ្មៅពាក់ផ្លាកលេខ កំពត១G-៤៦៨០ ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិចដែរនោះ អ្នកបើកបរ មាន ឈ្មោះ ភោគ ផល ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសធ្ងន់(ពាក់មួកសុវត្ថិភាព) និងប្រពន្ធរួមដំណើរ មាន ឈ្មោះ សាវឿន អាយុ៤៥ឆ្នាំរងរបួសធ្ងន់(ពាក់មួកសុវត្ថិភាព)បានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពត។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមានទីលំនៅភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ថា៖(កន្លែងកេីតហេតុប្រែប្រួលអស់មុនពេលជំនាញចុះទៅដល់)។ ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ជាបណ្តោះអាសន្នរង់ចាំដោះស្រាយតាមផ្លូវច្បាប់
នៅពេលក្រោយ ៕