នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រុមក្រឡាហោមមនុស្សធម៌ខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាស្ថាបនិកក្រុមក្រឡាហោម បាននាំយកម៉ាស់ចំនួន ១០៥០ដុំ និង អាល់កុលចំនួន ១០៦០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់អាជីវករ និងប្រជាពលរដ្ឋ ក្នុងផ្សារចំនួន០៣ នៅស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។
នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុច រ៉េត ប្រធានក្រុមប្រឹក្សាស្រុកគាស់ក្រឡ លោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ ព្រមទាំងលោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមការងារក្រឡាហោមមនុស្សធម៌ មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានក្រុមការងារយុវជន និងក្រុមសសយកផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាស្ថាបនិកក្រុមក្រឡាហោម បានមានប្រសាសន៍ថា ក្រុមក្រឡាហោមមនុស្សធម៌ ដោយមានការណែនាំពីសម្តេច ក្រឡាហោម ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានណែនាំឲ្យឯកឧត្តម បន្តយកម៉ាស់ចំនួន ១០៥០ដុំ និងអាល់កុលចំនួន ១០៦០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង នឹងលោកជំទាវ ចុះធ្វើការចែកជូនដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ក្នុងផ្សារចំនួន០៣បន្ថែមទៀតនៅក្នុងស្រុកគាស់ក្រឡដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏បានពាំនាំនូវការសួរសុខទុក្ខ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ហើយបានផ្សព្វផ្សាយអំពីវិធានការ ការពារខ្លួនពីជំងឺកូវីត-១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ពិសេសត្រូវចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្តដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាផងដែរ៕