Breaking News

អាជ្ញាធររាជធានីភ្នំពេញ ប្រាប់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារ កុំយកភាស៊ីលើសសៀវភៅបន្ទុក បើលើសសៀវភៅបន្ទុក នឹងប្រឈមមុខច្បាប់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ ពិសេស ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឱ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុក អាចប្រឈមមុខចំពោះច្បាប់ ដោយបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស។ ការណែនាំដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌ ត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង ត្រូវលុបកិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែរៀបចំឱ្យមានបរិស្ថានល្អ ពោលគឺ ក្រោយការលក់ដូរ ត្រូវតែសម្អាតឱ្យបានស្អាត។ បន្ថែមពីនេះនៅតាមផ្សារ មិនត្រូវឱ្យមានល្បែងស៊ីសងជាដាច់ខាត។

លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក គឺស្មើនឹងការចាប់ចម្រឹត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឱ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះ ត្រូវតែអនុវត្តការងារនេះឱ្យបានរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។

សូមបញ្ជាក់ថា ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោយឱ្យអាជ្ញាធរ ក៏ដូចជាប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះការយកភាស៊ីនៅតាមផ្សារនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូតែម្តង។ ចំពោះនៅទីតាំងផ្ញើ កង់ ម៉ូតូ ដាច់ខាតត្រូវតែដាក់តារាងតម្លៃឱ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះ ថាគ្មានការយកកម្រៃលើសសៀវភៅបន្ទុក។ ក្នុងករណីមានការបង្ខំឱ្យយកលើសតម្លៃសៀវភៅបន្ទុក ត្រូវហៅទូរសព្ទទៅកាន់អាជ្ញាធរខណ្ឌ ដែលបានដាក់លេខទូរសព្ទនៅទីតាំងនោះស្រាប់។ ចំពោះអ្នកវិនិយោគលើភាស៊ីទាំងអស់ ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឱ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះ ត្រូវធ្វើបញ្ជីឈ្មោះយកលុយទាំងអស់បញ្ជូនទៅឱ្យអាជ្ញាធរ។

ក្នុងករណីយកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរនឹងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះបានល្មើសនឹងការយកលុយលើសសៀវភៅបន្ទុក នឹងប្រឈមមុខនឹងការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។ ការងារនេះត្រូវប្រគល់ទៅឱ្យ ផ្សារ ខណ្ឌ និងមន្ទីរសេដ្ឋកិច្ចហេតុហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរៀងរាល់ខែ៕SRN

Check Also

សកម្មភាពការងារសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤

Leave a Reply

Your email address will not be published. Required fields are marked *