Breaking News

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកាំបិតខ្វាវ កាប់ជនរងគ្រោះពីរនាក់បណ្តាលឱ្យរបួសធ្ងន់ធ្ងរ

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន ក្រោយពីរបានយកកាំបិតខ្វាវ កាប់ទៅលើជនរងគ្រោះពីរនាក់ បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិដំរីស្លាប់​ ឃុំទ្រា​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល​ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះចំនួនពីរនាក់ខាងលើ ទី១-ឈ្មោះ ផាន់ វណ្ណា ភេទស្រី​ អាយុ ៦៦​ឆ្នាំ  មុខរបរកសិករ​ (របួស​ផ្នែក​ក្បាលធ្ងន់ធ្ងរ​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​) និងទី២-ឈ្មោះ​ អ៊ំ​ សារ៉ន​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ ។ អ្នកទាំងពីរមានទីលំនៅភូមិដំរីស្លាប់​ ឃុំទ្រា​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្តកណ្តាល​ ។ ចំណែកជនសង្ស័យឈ្មោះ​ វី​ វុទ្ធី ភេទប្រុស អាយុ​ ៤២ ឆ្នាំ មុខរបរ​ កម្មករ​សសំណង់ រស់នៅភូមិ-ឃុំ កើតហេតុ ។ 

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា នៅមុនពេលកើហេតុ​ជនសង្ស័យ​បាន​អង្គុយ​ផឹក​ស្រា​បៀរ​​ នៅផ្ទះ​របស់ខ្លួន​ជាមួយអ្នកជិតខាង ​៣នាក់​ ។ ពេល​ជនសង្ស័យ​ផឹក​អស់​ចំនួន​ ០២កំប៉ុង​ ស្រាប់តែជនរង​គ្រោះ អ៊ំ​ សារ៉ន បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ Honda​ Dream​ C​125 ស៊េរី ឆ្នាំ ២០២១​ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្ដាល​ 1AM-7233 ឌុប​ឈ្មោះ​ រុន​ ភេទប្រុស​ អាយុ​ ៥០ឆ្នាំ​ ជិះ​ចូល​ទៅក្នុង​ទីធ្លា​ផ្ទះ​របស់​ជនសង្ស័យ​ ហេីយបានឈប់សួរ​ ឈ្មោះ​ អ៊ុន​ ច្រឹប​ ត្រូវជាប្រពន្ធជនសង្ស័យពីរឿងថា ឱ្យខ្លួន​យកម៉ូតូ​មួយគ្រឿង​ម៉ាក​ Zuzuki Lets​ របស់​ឈ្មោះ​ បឿន ទៅបញ្ចាំ​ តែ​ឈ្មោះ​ អ៊ុន​ ច្រឹប​ បាន​ឆ្លើយ​ថា​ ខ្លួន​មិនបាននិយាយអីទេ​ ស្រាប់តែ​ជនសង្ស័យ​បាន​មកស្តីបន្ទោស​ជនរងគ្រោះ​ និង​បាន​ជេរ​ប្រមាថ​ថែម​ទៀត​ ។ ឃេីញ​ដូច​នោះ​ ជនរងគ្រោះ​ឈ្មោះ​ អ៊ំ​ សារ៉ន​ បានជិះម៉ូតូចេញ ហេីយឈប់នៅក្បែរផ្ទះរបស់ជសង្ស័យ ។ បន្ទាប់មក ស្ត្រីរងគ្រោះ​​ ផាន់​ វណ្ណា​ (ត្រូវ​ជាម្តាយក្មេករបស់ឈ្មោះ​ អ៊ំ​ សារ៉ន​) បាន​ដេីរមកសួរនាំ​ ពេល​នោះ​ជន​សង្ស័យ​ និងជនរងគ្រោះ​ឈ្មោះ​ ផាន់​ វណ្ណា​ ក៏បាន​ឈ្លោះ​ប្រកែក​ទាក់​ពាក្យ​សម្តី​គ្នា​ទៅវិញ​ទៅមក ហើយជនសង្ស័យ​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ​យក​កាំបិត​ខ្វាវ​មកកាប់​លេី​ស្ត្រីរងគ្រោះ ផាន់​ វណ្ណា​ ជាច្រើន​កាំបិត​បណ្តាលឱ្យ​​របួស​ផ្នែក​ក្បាលធ្ងន់ធ្ងរ​ដួល​ទៅនឹង​ដី​ ឃេីញ​ដូចនោះ​ជនរងគ្រោះ​​ អ៊ំ​ សារ៉ន​ បាន​រត់​ចូល​ទៅដណ្តេីម​កាំបិត​ខ្វាវពី​ជនសង្ស័យ​ តែត្រូវ​ជនសង្ស័យ​ដេញ​កាប់​បណ្តាលដួល​ ពេល​នោះ​ជនសង្ស័យ​បាន​កាប់​មកលេី​ជនរងគ្រោះ​ជាច្រើន​កាំបិត​ទៀត បណ្តាល​ឱ្យ​របួស​ដៃទាំងសងខាង​ រួច​ជនរងគ្រោះ​បាន​ងេីបរត់ឱ្យគេជួយ​ ភ្លាម​នោះ​បងប្អូន​ជនរងគ្រោះ​បាន​យកជនរងគ្រោះ​ ឈ្មោះ​ ផាន់​ វណ្ណា​ ទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ អ៊ំ​ សារ៉ន​ ត្រូវបានបញ្ជូនទៅសម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូររូង​ស្រុកបាទី​ ។

បនបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំទ្រា​ បាន​ចុះ​ទៅដល់​កន្លែង​កេីតហេតុ​ឃាត់​ខ្លួន​ជនសង្ស័យ​ និង​វត្ថុ​តាងបញ្ជូន​មកកាន់អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់​ ៕SRN

 

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *