ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចអះអាងថា ធ្លាប់ជាប់ពន្ធនាគារ ៩ខែ ពាក់ព័ន្ធនឹងការប្រើហិង្សាបណ្តាលឱ្យមនុស្សស្លាប់ ឥឡូវត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ចាប់ខ្លួនជាថ្មី ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូកញ្ចាស់មួយគ្រឿងរបស់ជនរងគ្រោះ ។
អំពើលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ នៅចំណុចទំនប់រាំងកោង ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុត ឃ្លី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ រីឯជនសង្ស័យឈ្មោះ អេង ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយជនរងគ្រោះ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៩ខែ ពីបទ៖ «ហិង្សាដោយចេតនាបណ្តាលឱ្យជនរងគ្រោះស្លាប់» និងមានសារធាតុញៀនក្នុងទឹកនោម ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក Honda Wave គុណភាពចាស់ គ្មានផ្លាកលេខ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោងប្រមាណ ៦ព្រឹក ជនរងគ្រោះ ប៊ុត ឃ្លី បានដើរចេញពីផ្ទះដើម្បីទៅកាត់ដើមត្រកួន នៅចំណុចចុងទំនប់រាំងកោង (ចំណុចកើតហេតុ) បន្ទាប់មកឈ្មោះ ប៊ុត ពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ បានជិះម៉ូតូម៉ាក Honda wave គុណភាពចាស់ គ្មានផ្លាកលេខ មកជួយកាត់ដើមត្រកួនជាមួយជនរងគ្រោះដែរ ដោយទុកម៉ូតូនៅចុងទំនប់រាំងកោង លុះដល់វេលាម៉ោងកើតហេតុខាងលើ ខណៈជនរងគ្រោះ ប៊ុត ឃ្លី កំពុងកាត់ដើមត្រកួន ក៏បានឃើញជនសង្ស័យ អេង ប៊ុនធឿន ធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ហើយជិះគេចខ្លួនបាត់ បន្ទាប់មក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលព្រែកតាទែន ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ ចុះស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕SRN