ខេត្តរតនគិរី៖ តាមប្រភពកៀកជិតនឹងអ្នករកស៊ីដឹកឈើចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវ នៃខេត្តរតនគិរី បានបង្ហើបឱ្យអង្គភាពសារព័ត៌មាន អែស អរ អិន ដឹងថា ក្រុមឈ្មួញជួញឈើឆ្លងដែនទៅប្រទេសវៀតណាម ចាប់ផ្ដើមដំណើរការធម្មតាវិញហើយ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយៈពេលខ្លី បន្ទាប់ពីសមត្ថកិច្ចខេត្តរតនគិរីចាប់បង្ក្រាបបានឈើរាប់រយកំណាត់នាពេលកន្លងទៅ…។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ដែនជម្រកសត្វព្រៃលំផាត់ កំពុងត្រូវបានក្រុមឈ្មួញជួញឈើប្រណិត កៀរគរប្រជាពលរដ្ឋឱ្យសម្រុកចូលទៅកាប់អារឈើដឹកចេញតាមរថយន្តកែច្នៃចេញពីក្នុងព្រៃ និងបានផ្ទេរបង្កប់ដាក់ក្នុងរថយន្តយីឌុបធំៗ ដែលដឹកចេក ដឹកស្រូវនៅស្រុកលំផាត់ ដោយបន្តដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវជារៀងរាល់ថ្ងៃ។ ក្រុមពលរដ្ឋដែលប្រកបរបរស៊ីឈ្នួលអារឈើជូនក្រុមឈ្មួញ បាននាំគ្នាចូលព្រៃដែលជម្រកសត្វដូចហែរកឋិន ដើម្បីកាប់ និងដឹកជញ្ជូនឈើចេញលក់ឱ្យក្រុមឈ្មួញ ដែលឈរជើងចាំទិញក្នុងព្រៃ ដឹកឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាមខ្លះ និងមួយចំនួនទៀតពួកគេបង្វែងដានដឹកចេញតាមច្រករបៀងផ្សេងៗ ក្បែរច្រកអូរយ៉ាដាវដែរ។
ដោយឡែក ប្រភពពីប្រជាពលរដ្ឋនៅស្រុកលំផាត់ បានឱ្យដឹងថា នៅមានការដឹកជញ្ជូនឈើចេញពីតំបន់ស្រុកវើនសៃ និងស្រុកកូនមំុផងដែរ ហើយរាល់សកម្មភាពទាំងនោះ អាចដំណើរកាទៅបានដោយមានលោក ហូ ជីវៃ អតីតឈ្មួញជួញឈើល្មើសច្បាប់ជើងចាស់ចេញមុខជាចំហ រត់ការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីបើកផ្លូវនាំក្បួនរថយន្តយីឌុបធំៗមានផ្ទុកឈើប្រណិតពេញប្រៀប នាំឆ្លងដែនទៅវៀតណាមយ៉ាងរលូន ដោយមិនមានការំខានពីសំណាក់អាជ្ញាធរខេត្ត រួមនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះឡើយ។
ចំណែកមន្ត្រីច្រកព្រំដែនម្នាក់បានទម្លាយប្អោយដឹងថា ដោយសុំមិនបង្ហាញអត្តសញ្ញាណ ថារថយន្តយីឌុបធំៗ ផ្ទុកឈើពេញៗ ទាំង នោះ បើកចេញឆ្លងដែនទៅប្រទេសវៀតណាម បានយ៉ាងរលូនបែបនេះ ក៏ព្រោះតែលោក ហូ ជីវៃ រត់ការបង់ជូនសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទើបបានជាអាជីវកម្មជួញឈើទៅប្រទេសវៀតណាមរបស់ក្រុមឈ្មួញគ្មានឧបសគ្គរាំងស្ទះដល់ពួកគេនោះ។
ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មាន អែស អរ អិន មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក កែវ តាយ មន្ត្រី្តច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវបាននៅឡើយទេ ព្រោះទូរសព្ទមិនទំនាក់ទំនងបាន៕SRN