(បាត់ដំបង): អគ្គិភ័យមួយបានឆាបឆេះឡសម្ងួតពោតមួយកន្លែងទាំងស្រុងនៅវេលាម៉ោង ០១និង១៥នាទី នៅថ្ងៃទី ២២ ខែ កក្តដា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៥ ភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ឡសម្ងួតដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះមានទំហំ 8ម៉ែត្រx16ម៉ែត្រ សង់អំពីដែក ប្រក់ស័ង្កសី និងសម្ភារៈខូចខាតរួមមាន:
-ពោតចំនួន ៥តោន និងស្នូលពោតចំនួន ១៥តោន សរុបជាទឹកប្រាក់អស់ចំនួន ៧៥០០$(ប្រាំពីរពាន់ប្រាំរយដុល្លា) ដែលមានម្ចាស់ឈ្មោះ ណុប ទូច ភេទស្រីអាយុ៥៤ឆ្នាំ រស់នៅក្រុមទី៥ ភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗកំលាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការណ៍ជាមួយកំលាំងស្រុកបាណន់ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍រស្មីសង្ហារ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង និង រថយន្តកែច្នៃដឹកទឹកចំនួន ០១គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន និង ៣ធុង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដែលបង្កជាអគ្គិភ័យកើតឡើងនេះគឺបណ្តាលមកពីឆេះស្នូលពោតនៅក្នុងឡសម្ងួតពោតទើបឆេះរាលដាលឡើងតែម្តង តែមិនបណ្តាលអោយមានរងរបួសដល់មនុស្សឡើយ៕