Breaking News

ជនសង្ស័យ ៤នាក់ ធ្វើសកម្មភាពលួចកាបូបលុយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ៣នាក់ ខណៈម្នាក់ទៀតជាអនីតិជន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ

ខេត្តកណ្តាល៖ ជនសង្ស័យ ៤នាក់ បានរៀបគម្រោងការលួចកាបូបលុយរបស់អ្នកលក់ផ្លែឈើ ដោយមានអ្នកបន្លំចូលទិញ និងមានអ្នកចាំធ្វើសកម្មភាពលួច ប៉ុន្តែត្រូវបានអ្នកលក់នំបញ្ចុកនៅក្បែរនោះឃើញទាន់ស្រែកឆោឡោឡើង ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន ៣នាក់ រីឯម្នាក់ទៀតជាអនីតិជន ត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតិឲ្យអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ ។ 

អំពើលួចខាងលើ បានកើតឡើងកាលពីវេលាម៉ោង ជាង ១១ព្រឹក ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចផ្សារអ្នកលឿងត្រើយខាងលិច ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ សុខ មុំ ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ  មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យ ៣នាក់ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ គង់ ទីណាង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ៣ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទី២-ឈ្មោះ គង់ ស្រីល័ក្ខ (សង ស្រីអូន) ភេទ ស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ និងទី៣-ឈ្មោះ នៅ វិត (ស្វា) ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកតាសេក ឃុំព្រែកតាសេក ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯម្នាក់ទៀតជាកុមារាឈ្មោះ ជាតិ ហុង ភេទ ប្រុស អាយុ មិនដឹង មុខរបរសិស្ស មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ត្រូវបានលោកព្រះរាជអាជ្ញាអនុញ្ញាតិឲ្យអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន ២គ្រឿង (ម៉ាក Honda C125 សេរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JN-8244 ចំនួន ០១គ្រឿងរបស់ជនសង្ស័យឈ្មោះ នៅ វិត និងម៉ាក Scopy សេរីឆ្នាំ ២០២២ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1JL-5343 ចំនួន ០១គ្រឿង របស់ជនសង្ស័យឈ្មោះ គង់ ទីណាង), កាបូបស្ពាយម៉ាក CG ពណ៌ខ្មៅរបស់ជនសង្ស័យចំនួន០១, កាបូបស្ពាយម៉ាក CHIBAO ពណ៌ខ្មៅ របស់ជនរងគ្រោះ, លុយខ្មែរ៩២៤.៤០០រៀល របស់ជនរងគ្រោះ, និងទូរស័ព្ទចំនួន ២គ្រឿង ជារបស់ជនរងគ្រោះ ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងលក់ផ្លែឈើនៅផ្សារអ្នកលឿងត្រើយខាងលិច ស្រាប់តែមានបុរសម្នាក់ចូលមកទិញផ្លែប្រទ្បុងកុង ១គីទ្បូ ដោយឲ្យជនរងគ្រោះរើសឲ្យហើយបានប្រាប់ជនរងគ្រោះថា ខ្លួនដួលម៉ូតូឈឺក្បាលចង្គង់អោនរើសមិនបានទេ ពេលជនរងគ្រោះចុះពីលើគ្រែរើសផ្លែឈើឲ្យរួច បុរសនោះបានហុចលុយឲ្យជនរងគ្រោះចំនួន ៧.០០០រៀល ដាក់ចូលកាបូប ហើយជនសង្ស័យនោះបានឲ្យជនរងគ្រោះរើសផ្លែគូលែន ១គីទ្បូទៀត ពេលជនរងគ្រោះកំពុងរើសផ្លែគូលែន ស្រាប់តែមានអ្នកលក់នំបញ្ចុកក្រឡេកឃើញបក្សពួកជនសង្ស័យលួចយកកាបូបលុយរបស់ជនរងគ្រោះពីក្រោយ ហើយក៏ស្រែកឆោឡោថា មានចោរលួចកាបូបលុយអ្នកលក់ផ្លែឈើបាត់ហើយ ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់កំពុងតែល្បាតក៏បានដេញតាមម៉ូតូជនសង្ស័យពីក្រោយ និងបានរាយការណ៍ជូនលោកអធិការតាមវិទ្យុទាក់ទង ពេលនោះកម្លាំងជំនាញនគរបាលយុត្តិធម៌បានចេញអន្តរាគមន៍ដេញពីក្រោយភ្លាមៗដែរ និងបានប្រទាក់ក្រឡាជាមួយកម្លាំងអធិការដ្ឋានស្រុកកៀនស្វាយជួយចេញពួនស្ទាក់ ។ លុះដល់វេលាម៉ោង ១១និង៤០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឃាត់ជនសង្ស័យចំនួន ៣នាក់ និងកុមារាសង្ស័យម្នាក់ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅមុខក្លោងទ្វាចូលវត្តអង្គរជ័យក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបានបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ បន្ទាប់មកកម្លាំងនគរបាលស្រុកលើកដែកបានទៅទទួលជនសង្ស័យ និងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវីធី ៕

Check Also

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំណែនាំដល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់

Leave a Reply

Your email address will not be published. Required fields are marked *