Breaking News

អភិបាលស្រុកអង្គស្នួល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋនៅតាមគេហដ្ឋាន

កណ្តាលល៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានអញ្ជើញដឹកនាំ លោក លោកស្រីអភិបាលរងស្រុក មន្រ្តីរាជការ និងអាជ្ញាធរឃុំម្កាក់ ចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋនៅតាមគេហដ្ឋានចំនួន ២៤៨ គ្រួសារ ស្ថិតនៅភូមិបឹងថ្នល់ ភូមិចំការចិន និងភូមិចុងបឹង នៃឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោក សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអោយដឹងថា ការចុះបញ្ជីដីធ្លី គឺជាផ្នែកដ៏មានសារៈសំខាន់មួយក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាប់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ។ល។

លោក ក៍បានបញ្ជាក់ដែរថា រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថាសមិទ្ធផលថ្មីនៃការចុះបញ្ជីដីធ្លី និងការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាឱកាសនេះ បានបង្ហាញអំពីលក្ខខណ្ឌគតិយុត្តទទួលស្គាល់ជាផ្លូវច្បាប់យ៉ាងពេញលេញ និងរឹងមាំជូនដល់ម្ចាស់កម្មសិទ្ធិដែលកំពុងកាន់កាប់ និងអាស្រ័យជាក់ស្តែងលើដីធ្លីរបស់ខ្លួន មានភាពច្បាស់លាស់ទាំងទីតាំងនិយាមការ្យក្បាលដី ទំហំ និងប្រភេទដី និងកាត់បន្ថយទំនាស់នានាដែលកើតមានអំពីភាពមិនច្បាស់លាស់នៃការកាន់កាប់កន្លងមក ។ សមិទ្ធផលទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមបំផុត ដែលជានិច្ចជាកាល សម្តេច តែងបានគិតគួរអំពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

គួសបញ្ជាក់ដែរថា គិតចាប់ពី ២០១៤ដល់ឆ្នាំ២០២២ ស្រុកអង្គស្នួល បានចុះបញ្ជីលក្ខណៈប្រព័ន្ធបានចំនួន ៥ ឃុំបន្ថែមទៀតរួមមាន៖

– ឃុំបែកចាន ចុះបញ្ជីបានចំនួន ២១ ភូមិ ស្មើនឹង ៩,២៣៩ ក្បាលដី ។

– ឃុំក្រាំងម្កាក់ ចុះបញ្ជីបានចំនួន ១៥ ភូមិ ស្មើនឹង ៦,០៤៨ ក្បាលដី ។

– ឃុំឆក់ឈើនាង ចុះបញ្ជីបានចំនួន ១០ ភូមិ ស្មើនឹង ៤,០៨៩ ក្បាលដី ។

– ឃុំសំរោងលើ ចុះបញ្ជីបានចំនួន ២៨ ភូមិ ស្មើនឹង១១,៤១២ ក្បាលដី ។

– ឃុំម្កាក់ ចុះបញ្ជីបានចំនួន ២២ ភូមិ ស្មើនឹង១៥,៦៨៣ ក្បាលដី។ សរុប ៥ឃុំ ចំនួន ៩៦ភូមិ ស្មើនឹង ៤៦,៤៧១ក្បាលដី ។

បច្ចុប្បន្ន ក្រុមការងារបាននិងកំពុងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំម្កាក់ ដែលមានភូមិសរុប ២៩ ភូមិ ។ ជាលទ្ធផល៖ ប្រកាសតំបន់វិនិច្ឆ័យ ចំនួន ២៩ភូមិ ប្រមូលទិន្នន័យក្បាលដីចំនួន១៥,៦៨៣ ក្បាលដី, បិទផ្សាយទិន្នន័យក្បាលដី ចំនួន ១៣,១៤៦ ក្បាលដី, ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១,២០១ ប័ណ្ណ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣,២៩៩ ប័ណ្ណ (នៅសល់ ៧,៩០២ ប័ណ្ណ)៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published. Required fields are marked *