Breaking News

កម្មវិធី Miss Grand Cambodia ជាន់ពន្លិចវប្បធម៌ជាតិ?

មិនមែនត្រឹមតែផ្អើលការរិះគន់ភ្លូកទឹកភ្លូកដីពីប្រជាជនខ្មែរប្រុស-ស្រីក្នុងស្រុក,ក្រៅស្រុកនោះទេសូម្បីតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ចាប់អារម្មណ៍ចំពោះកម្មវិធី Miss Grand Cambodia នេះដែរ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ បានចេញបញ្ជាផ្ទាល់មាត់ទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យពិនិត្យ និងចាត់វិធានការណាមួយ ជុំវិញកម្មវិធីប្រកួត Miss Grand Cambodia។

 

ថ្លែងចេញពីកម្មវិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិកនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ថា ត្រូវពិនិត្យមើលការប្រកួតនេះ ម៉េចទៅបេក្ខនារីទៅ ស្រែក និងការស្លៀកពាក់ផងដែរ។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ៗថា សម្រាប់បេក្ខនារីដែលបានចូលរួមប្រកួត គឺអត់មានកំហុសអ្វីនោះទេ ពាក់ព័ន្ធការស្លៀកពាក់ និងកាយវិការស្រែកខ្លាំងអីនោះ ព្រោះបេក្ខនារី គ្រាន់តែស្លៀកពាក់តាមអ្វីដែលអ្នករៀបចំកម្មវិធីបានរៀបចំតែប៉ុណ្ណោះ។ សម្តេចក៏បានលើកចំៗថា តួយ៉ាងឈុតដែលបេក្ខនារីមកពីខេត្តស្ទឹងត្រែង បានស្លៀក ក៏មានប្រតិកម្មពីរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ ដូច្នេះក្រសួងវប្បធម៌គួរពិនិត្យ និងគួរតែមានធ្វើការលើរឿងនេះភ្លាមៗ។

ការយកសម្បត្តិវប្បធម៌ជាតិខ្មែរនៅតាមតំបន់នីមួយៗទៅលេងសើចជាមួយនឹងកម្មវិធីនោះញ៉ាំងឲ្យមានការរិះគន់យ៉ាងខ្លាំង។ វាជាការដែលរៀបចំឡើងដើម្បីផល ប្រយោជន៍របស់ក្រុម Miss Grand Cambodiaនោះ តែប៉ុណ្ណោះ គឺពិតជាមិនមែនដើម្បីផលប្រយោជន៍រួមរបស់ជាតិនោះឡើយ។ បើទោះបីជាដើម្បីផល ប្រយោជន៍បុគ្គលប៉ុន្មាននាក់នោះក៏ដោយ មិនគួរយកផលប្រយោជន៍រួមរបស់ជាតិទៅជាន់ពន្លិចយ៉ាងដូច្នេះទេ។ វាច្បាស់ណាស់ថា អ្វីៗបានបញ្ចប់ត្រឹមការសុំទោសនៅលើក្រដាសមួយសន្លឹកដែលសរសេររបៀបជាក្មេងបៀមដៃដោយគ្មានការចេះដឹងអ្វីទាំងអស់។ លិខិតសុំទោសដែលមើលទៅហាក់ដូចជាប្រមាថចំពោះការចេះដឹងរបស់ពលរដ្ឋខ្មែរនោះ ក្រុមMiss Grand Cambodia យល់ថា វាគ្រប់គ្រាន់ទៅហើយ។

អ្នករៀបចំកម្មវិធីប្រសិនបើគ្មានសមត្ថភាព,គ្មានចំណេះ ដឹងជ្រៅជ្រះអំពីបញ្ហាវប្បធម៌អរិយធម៌ខ្មែរទេនោះគួរតែអញ្ជើញអ្នកជំនាញនិងស្ថាប័នពាក់ព័ន្ធទៅប្រឹក្សាផ្ដល់យោបល់ដើម្បីកុំឲ្យមានបញ្ហាឬកំហុសឆ្គងពាក់ព័ន្ធនឹងតម្លៃជាតិ។ ដោយសារតែអ្នកដឹកនាំការផលិតគ្មានចំណេះដឹងជ្រៅជ្រះអំពីបញ្ហាវប្បធម៌និងអរិយធម៌ខ្មែរនេះហើយទើបធ្វើឲ្យបញ្ហាចេះទៅលេចឡើង។ នៅពេលដែលមានបញ្ហាកើតឡើងបែរជាយកក្រដាសមួយសន្លឹកមកសរសេរពាក្យសុំទោសដែលគ្មានដឹងក្បាលដឹងកន្ទុយអ្វីសោះឡើយ។ លិខិតសុំទោសនោះគឺជាការប្រមាថដល់ចំណេះដឹងរបស់ខ្មែរទូទៅថែមមួយកម្រិតទៀត។

រឿងឈុតសម្លៀកបំពាក់របស់កម្មវិធី Miss Grand Cambodia រងការរិះគន់ច្រើនជាងសរសើរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេស គឺឈុតរ៉ូបស្រមោលស ដែលបងប្អូនខ្លះបានលើកឡើងថា ឆែកខ្លាំងសឹងលេចកេរ្តិ៍ម៉ែចែកឱ្យ និងខ្លះទៀតក៏រិះគន់ធ្ងន់ៗជាងនេះក៏មានផងដែរ។ ក្នុងនោះ ក៏មានឈុតរបស់ស្រីស្រស់ម្នាក់ដែលសិចស៊ីខ្លាំងពេក រហូតរដ្ឋបាលខេត្តស្ទឹង ត្រែង បដិសេធការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia ថា ឈុតដែលតំណាងនេះ មិនបានឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ។

ពិតណាស់ថាគ្មានប្រជារាស្រ្តខ្មែរអ្នកស្រែចម្ការឯណាមកជាន់ពន្លិចវប្បធម៌អរិយធម៌ខ្មែរនោះទេគឺមានតែពពួកអ្នកសិល្បៈដែលមានចំណេះដឹងតិចតួចហើយយកសិល្បៈធ្វើជាឈ្នាន់ក្នុងផលប្រយោជន៍នេះឯង។ ទីបំផុតជន បរទេសដៀលខ្មែរមួយនគរ ក៏ព្រោះតែពួកអ្នកសិល្បៈស្ទើរភ្លើងម្នាក់ពីរនេះឯង។ គេសង្ឃឹមថានៅក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះគឺជាការដាស់តឿនថ្មីមួយទៀតដល់អ្នករៀបចំកម្មវិធី Miss Grand Cambodia ក៏ ដូចជាកម្មវិធីដទៃទៀតពាក់ព័ន្ធនឹងសិល្បៈ,វប្បធម៌អរិយធម៌ខ្មែរប្រសិនបើគ្មានចំណេះដឹងជ្រៅជ្រះទេគួរតែហៅអ្នកជំនាញនិងស្ថាប័នពាក់ព័ន្ធទៅសួរនាំផង។

យ៉ាងណាក៏ដោយគេសង្កេតឃើញថាអ្នករៀបចំកម្មវិធីប្រលង Miss Grand Cambodia.ហាក់ដូចជាមិនឈឺក្បាលហាលថ្ងៃចំពោះការរិះគន់ពីគ្រប់ទិសទីនោះទេ។ សង្ឃឹមថាក្រសួងវប្បធម៌និងស្ថាប័នពាក់ព័ន្ធជួយតម្រង់ទិសពួកអ្នកសិល្បៈទាំងនេះឲ្យបានយល់ពីតម្លៃនៃវប្បធម៌អរិយធម៌ខ្មែរផង៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *