Breaking News

ពលរដ្ឋស្នើឲ្យក្រសួងពាក់ព័ន្ធលុបអាជ្ញាប័ណ្ណឆ្នោត ឡូតូ ហើយសមត្ថកិច្ចសូមបង្ក្រាបល្បែងជល់មាន់តាមអនឡាញ ខណៈល្បែងនេះកំពុងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបង្កឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ

ភ្នំពេញ៖ ល្បែងជល់មាន់តាមអនឡាញក្នុងទូរទស្សន៍ និងឆ្នោតឡូតូ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងពេញភូមិក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត-ក្រុងមួយចំនួន ។ ហើយនៅពេលថ្មីនេះ គេបានឃើញអាជ្ញាធរស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ ចុះធ្វើកិច្ចសន្យា និងបិទទីតាំងបើកល្បែងនេះ និងមានសមត្ថកិច្ចខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញបានចុះបង្ក្រាបផងដែរ ។ ជាងនេះទៅទៀតលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានស្តីបន្ទោសអភិបាលក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺដែលបានសុំយោបល់បង្រ្កាបល្បែងឆ្នោតឡូតូ និងល្បែងជល់មាន់តាមអនឡាញបញ្ចាំងតាមទូរទស្សន៍ផងដែរ ។ ហើយក៏មានខេត្តមួយចំនួនមិនអនុញាតឲ្យបង្កើតល្បែងឆ្នោតឡូតូ និងល្បែងជល់មាន់តាមអនឡាញផងដែរ ខណៈមេឈ្មួញមានបំណងដាក់ពង្រាយល្បែងឆ្នោតឡូតូ និងល្បែងជល់មាន់តាមរោងកាហ្វេ និងផ្ទះប្រជាពលរដ្ឋ ។

ប៉ុន្តែផ្ទុយទៅវិញ បច្ចុប្បន្ននៅតាមភូមិ-សង្កាត់ ក្នុងខណ្ឌជាច្រើននៃរាជធានីភ្នំពេញ និងតាមភូមិឃុំ-សង្កាត់ក្នុងក្រុង-ស្រុកតាមបណ្តាខេត្តជាច្រើនទៀតក្នុងប្រទេសកម្ពុជា បែរជាមានល្បែងជល់មាន់តាមទូរទស្សន៍ និងល្បែងឆ្នោតឡូតូ ត្រូវបានក្រុមឈ្មួញដាក់ពង្រាយតាមរោងកាហ្វេ និងតាមផ្ទះសម្បែងប្រជាពលរដ្ឋ ។ ចំណែកអាជ្ញាធរហាក់មិនមានចំណាត់ការអនុវត្តច្បាប់ទាល់តែសោះ ដោយមន្ត្រី និងកម្លាំងសមត្ថកិច្ចមួយចំនួនលើកមូលហេតុថា គេមានអាជ្ញាប័ណ្ណមិនអាចធ្វើការបង្ក្រាបបានទេ ។ 

ការលើកពីមូលហេតុនេះ ធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ថា ចុះអាជ្ញាធរស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ និងអាជ្ញាធរខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញម្តេចគេចុះបង្ក្រាប និងបិទទីតាំងល្បែងនេះ ? ជាក់ស្តែងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានលើកឡើងដែរថា ក្នុងខេត្តរបស់លោកមិនគាំទ្រឲ្យកើតមានល្បែងឆ្នោតឡូតូ និងជល់មាន់តាមអនឡាញនេះទេ ព្រោះល្បែងស៊ីសងទាំងនេះ វាបានធ្វើឲ្យប៉ះពាល់គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ ប៉ុន្តែផ្ទុយទៅវិញ នៅតាមបណ្តាខេត្ត ក្រុង-ស្រុក មួយចំនួនបែរជាមានល្បែងស៊ីសងទាំងនេះកើតមានយ៉ាងអនាធិបតេយ្យតាមរោងកាហ្វេ តាមសំយាបផ្ទះ រហូតក្រុមឈ្មួញបញ្ជូនដាក់ដល់កាំជណ្តើរផ្ទះប្រជាពលរដ្ឋទៀតផង ។ ហើយអាជ្ញាធរ និងសមត្ថកិច្ចបែរជាធ្វើមិនដឹងមិនឮ រហូតប្រជាពលរដ្ឋបាននាំចោទជាសំណួរថា ស្រុកខ្មែរបានបង្កើតច្បាប់ទប់ស្កាត់ហាមមិនឲ្យលេងល្បែងស៊ីសង ។ ហើយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច ក្នុងនោះក៏បានជំរុញការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងផងដែរ ។ ចុះហេតុអ្វីបានជាអាជ្ញាធរខេត្តមួយចំនួននោះ មិនយកច្បាប់មកអនុវត្ត បែរជាធ្វើមិនដឹងមិនលឺទៅវិញ ? ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យលើអាជ្ញាធរដែលមិនអនុវត្តច្បាប់អាចមានផលប្រយោជន៍ដោយសារល្បែងនេះ ។ បើទោះបីល្បែងជល់មាន់តាមអនឡាញ និងល្បែងឆ្នោតឡូតូបាននិងកំពុងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបង្កអំពើហិង្សាក្នុងគ្រួសារប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងធ្វើឲ្យប៉ះពាល់គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយចុះ ។ 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់តាមអនឡាញ និងល្បែងឆ្នោតឡូតូមិនមែនមានតែប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះទេ សូម្បីតែកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ និងជាពិសេសក្មេងៗសិស្សសាលាក៏កំពុងងប់ងុលនឹងល្បែងនេះផងដែរ ។ ហើយបញ្ហាដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភកាន់តែខ្លាំងនោះ គឺខ្លាចកូនចៅរបស់ពួកគាត់ទៅរៀនបែរជាគេចសាលាចូលលេងល្បែងនេះទៅវិញ ។ ពីព្រោះពួកគាត់បានឃើញច្បាស់ហើយ ក្មេងៗសិស្សសាលាមួយចំនួនតែងតែចូលទៅលេងល្បែងនេះ ។ ដោយសារតែការព្រួយបារម្ភនេះ ប្រជាពលរដ្ឋបានស្នើឲ្យសមត្ថកិច្ចសូមជួយបង្ក្រាបល្បែងជល់មាន់តាមអនឡាញ និងបានស្នើឲ្យក្រសួងពាក់ព័ន្ធលប់ចោលអាជ្ញាប័ណ្ណល្បែងឆ្នោតឡូតូនេះផង ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

Leave a Reply

Your email address will not be published. Required fields are marked *