ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ច កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២:៤០នាទី មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍(ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបុកមន្ត្រីសមត្ថកិច្ចថែមទៀតផង។ ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅលើរថយន្ត ឃើញដូច្នេះអ្នកបើកបររថយន្តមិនព្រមឈប់ នៅតែបើកបរទៅមុខរហូតដល់ចម្ងាយជាង ១គីឡូម៉ែត្រ។ ដោយមានការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ។
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញក៏ឃាត់ខ្លួនម្ចាស់រថយន្តយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ ហើយក៏មានការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា បុរសខាងលើអាចប្រឈមមុខនឹងជាប់ពន្ធនាគារពី១ខែទៅមួយឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៨០ម៉ឺនទៅ ៨លានរៀល យោងតាមមាត្រា៨០ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លួវគោកពីបទរារាំងការអនុវត្តច្បាប់របស់មន្ត្រីរាជការសាធារណៈ៕