Breaking News

ប្រជាពលរដ្ឋ និងយុវជនអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនបានសម្តែងនូវការអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយ ដ្ឋានប្រាសាទកោះកេរ្ដិ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេចលេខ 45 COM 8B.8 តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងយុវជន បានប្តេជ្ញាការពារមរតកវប្បធម៌ និងប្រាសាទបុរាណ ឲ្យបានគង់វង្ស។
រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំកោះកេរ្តិ៍ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ៦៦ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ និងចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

អតីតរាជធានីបុរាណនេះ មាន ឈ្មោះ ដើមគឺ “ឆោកគគ៌្យរ” ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃគឺ បឹងគគីរ ឬ ស្រះគគីរ ហើយពាក្យ “គគ៌្យរ” នេះឯងបានក្លាយមកជាពាក្យ “កោះកេរ្តិ៍”។
នៅស.វ.ទី១០ ពោលគឺ គ.ស.៩២១ ព្រះបាទជ័យវរ្ម័នទី៤ ពុំសោយរាជ្យនៅស្រីយសោធរតាមទម្លាប់ ដែលមានមកនោះទេ តែប្តូររាជធានីមកតាំងទីនៅតំបន់កោះកេរ្តិ៍វិញ។ នៅពេលដែល
មកដល់ទឹកដីថ្មី (កោះកេរ្តិ៍) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង និងបានកសាងប្រាសាទ សម្រាប់ឧទ្ទិសដល់បុព្វការីជននិងប្រាសាទ សម្រាប់រាជ្យ និងឧទ្ទិសដល់អទិទេព រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងជា ច្រើន។ ក្នុងនោះប្រាសាទដែលធំជាងគេគឺ “ប្រាសាទកោះកេរ្តិ៍” ឬអ្នកស្រុកហៅថា “ប្រាសាទធំ” ដូច្នេះតែម្តង ដែលមានកម្ពស់៣៥ ម៉ែត្រ ចែកចេញជា ៧ ថ្នាក់ ដូចទៅនឹងសំណង់ពីរ៉ាមីត នៃប្រទេសអេហ្ស៊ីប បែរ មុខទៅទិសខាងលិចទៅរករាជ ធានីអង្គរ។ ប្រាសាទកោះកេរ្តិ៍ កសាងឡើងដើម្បីតម្កល់លិង្គ ព្រះឥសូរមួយហៅថា ត្រីភូវនេស្វរៈ (សព្វថ្ងៃលិង្គនោះបាត់បង់ទៅហើយ) និងកសាងចប់នៅគ.ស.៩៣១។ ជាពិសេសជាងនេះ លក្ខណៈពិសេសមួយនៃប្រាសាទ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ គឺសំណង់ស្ថាបត្យកម្ម ចម្លាក់លិង្គ និងចម្លាក់បដិមានានា មានទំហំធំៗ បើធៀបទៅនឹងសិល្បៈចម្លាក់បដិមាក្នុងតំបន់អង្គរ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *