Breaking News

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមសេចក្ដីណែនាំលេខ ០៤៧ សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយ គ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ព្រមទាំង ធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១. រដ្ឋបាលខណ្ឌទាំង ១៤ ជាពិសេស រដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវ៖

– កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ រៀបចំបង្គន់អនាម័យ ទឹកស្អាត និង អគ្គិសនី ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន

– ណែនាំផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបនូវទីតាំងទួលសុវត្ថិភាព ដែលរដ្ឋបាលខណ្ឌបានកំណត់ និងត្រូវរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយនៅទីទួលសុវត្ថិភាពនោះ

– ត្រៀមមធ្យោបាយដឹកជញ្ជូន រថយន្ត សម្ភារៈ ចប បង្ខំ បាវខ្សាច់ និងស្បៀង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

– ត្រៀមធ្វើស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីងាយស្រួលគាំពារផ្នែកជីវភាព និងជំនួយសង្គមផ្សេងៗ

– ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយជូនប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈបង្ការ និងការពារសុវត្ថិភាពនៅពេលមានទឹកជំនន់កើតឡើង

– ធ្វើការកៀរគររកសប្បុរសជន និងវិស័យឯកជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈនិងគ្រឿងឧបភោគបរិភោគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

– រៀបចំក្រុមវេនយាមប្រចាំការនៅតាមអង្គភាពរបស់ខ្លួន ដើម្បីក្តាប់ព័ត៌មាន ត្រៀមអន្តរាគមន៍ និងចាត់វិធានការដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ឱ្យបានទាន់ពេលវេលា ។

២. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន រថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

៣.មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានព្យាករណ៍ឧតុនិយមជាប្រចាំ ដើម្បីធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសម្របសម្រួលការងារបច្ចេកទេសផ្សេងៗ។

៤, មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមរៀបចំផែនការការពារសុខភាព និងមន្ត្រី សុខាភិបាល រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំសង្កូវផ្សេងៗ ដើម្បី ផ្តល់សេវាសុខាភិបាលផ្សេងៗជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ។

៥. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវត្រៀមគ្រឿងចក្រ កាណូត និងសម្ភារៈផ្សេងៗ ត្រៀមអន្តរាគមន៍នៅតំបន់រង់គ្រោះដោយទឹកជំនន់ និងសហការជាមួយរដ្ឋបាលខណ្ឌពាក់ព័ន្ធ រៀបចំបង្គន់អនាម័យចល័តនៅទីទួលមានសុវត្ថិភាព ព្រមទាំងត្រៀមស្ការហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានាឡើងវិញ។

៦. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការ និងការការពារសុវត្ថិភាព នៅពេលគ្រោះទឹកជំនន់កើតឡើង។

៧.មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា និងវត្តអារាម ដែលនៅក្នុងតំបន់ងាយរងគ្រោះឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវសុំ គោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមផ្អាកដំណើរការ គ្រឹះស្ថាន សិក្សាជាបណ្ដោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវរងគ្រោះដោយទឹកជំនន់ និងធ្វើការ ផ្ទេរសិស្សានុសិស្សទៅរៀននៅគ្រឹះស្ថានសិក្សាផ្សេងជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃការសិក្សា។

៨. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវត្រៀមសហការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ សម្រាប់ជួយ ប្រជាពលរដ្ឋដែលរងគ្រោះសំបតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។ ៩. រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមសហការ និងធ្វើការសម្របសម្រួលការងារពាក់ព័ន្ធទៅតាមជំនាញសមត្ថកិច្ចរៀងខ្លួន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ។

១០. ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្ដោយដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត ត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានជាប្រចាំអំពីកម្ពស់ទឹក និងត្រូវត្រៀមលក្ខណៈទុក ជាមុន ដូចជាទ្រព្យសម្បត្តិ សម្ភារៈចាំបាច់ និងសត្វពាហនៈឱ្យបានរៀបរយ ដើម្បីជម្លៀសទៅ ទីទួលសុវត្ថិភាព។

ទទួលបានសេចក្ដីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាចអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *