Breaking News

សម្តេច ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨», សម្រេចបានគោលដៅ៣ ក្នុងពេលតែមួយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី «ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នៅព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅ សណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះសម្តេច​ធិបតី ហ៊ុន ម៉ាណែត​ មានប្រសាសន៍ថា ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។
​សម្ដេចថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នឹងផ្តោតជាសំខាន់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋ។

​សម្តេចធិបតី​ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពី«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី។ សម្ដេចបញ្ជាក់ថា សត្វទាំងបីនោះគឺ កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឲ្យប្រជាពលរដ្ឋចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឲ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយអាចដាក់កិច្ចអន្តរាគមន៍នានាបានរហ័ស និងមានប្រសិទ្ធភាព។

ក្នុងគ្រានេះ សម្តេចធិបតី ​បានថ្លែងថា ការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម គឺយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ពោលឈ្នះទាំងរដ្ឋ ឈ្នះទាំងម្ចាស់សហគ្រាស ហើយជាតិក៏ឈ្នះ។

ជាមួយគ្នានេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងអនុវត្តន៍ឲ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨»។

​សម្តេចធិបតី ​បាន​រំលេចថា ទ្រឹស្តីយុទ្ធសាស្ត្រល្អហើយ តែការធ្វើឲ្យចេញជាលទ្ធផលជាក់ស្តែង ទើបជារឿងសំខាន់។

សូមជម្រាបថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឲ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូលពន្ធជាដើម៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *