Breaking News

ពិធីបិទសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖  ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រ ខ្ញុំបានចូលរួម និងរាយការណ៍បូកសរុបលទ្ធផលក្នុងកម្មវិធីបិទសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទសកលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលនៃសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។

សន្និសីទសកលលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានតំណាងចូលរួមប្រមាណ ២៥០ នាក់ មកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន អាជ្ញាធរមីន ស្ថានទូត ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ សហគមន៍សកម្មភាពមីន វិស័យឯកជន សប្បុរសជន និងជនមានពិការភាព។ 

តាងនាមឱ្យអង្គសន្និសីទទាំងមូល យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់នូវកិត្តិយសអញ្ជើញជាអធិបតីបិទសន្និសីទសកលលើកទី៣នេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ ជាពិសេសវត្តមាន ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, ឯកឧត្តម Thomas Gobel ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១, ឯកឧត្តម Igor Driesman ប្រធានប្រតិភូសហភាពអឺរ៉ុប និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត តំណាងដៃគូអភិវឌ្ឍន៍ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលវត្តមានដ៏មានតម្លៃនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃបេសកកម្មរួមគ្នា ក៏ដូចជាការបំផុសទឹកចិត្តដ៏ខ្លាំងក្លាក្នុងកិច្ចសង្រ្គោះជនរងគ្រោះ។ ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារ ក៏ដូចជាក្រុមការងារអាជ្ញាធរមីន និងក្រុមអ្នកជំនាញដែលមកពីវិស័យផ្សេងៗគ្នា ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរៀបចំសន្និសីទនេះឱ្យទទួលបានជោគជ័យ។

ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣របស់កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនេះបានបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០ និងបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងឆ្នាំ២០១៣។ 

សន្និសីទសកលនេះ បានផ្តល់ឱកាសយ៉ាងច្រើន ក្នុងការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំង ជំរុញលើកទឹកចិត្ត រៀនសូត្រ និងលើកកម្ពស់ ក្នុងជំនួយជនរងគ្រោះ ការប្រើប្រាស់បច្ចេកវិទ្យាជំនួយ ការប្រើប្រាស់ទិន្នន័យ ការគាំទ្រសុខភាពផ្លូវចិត្ត ការស្តារនីតិសម្បទា សេវាថែទាំសុខភាព សមធម៌សង្គម និងការបង្កើនកិច្ចសហប្រតិបត្តិការ ជាដើម ព្រមទាំងបានបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ទៅលើភាពស្មុគស្មាញនៃបញ្ហា និងឱកាសក្នុងកិច្ចការជំនួយជនរងគ្រោះ។  

សន្និសីទនេះ គឺជាជ្រុងមួយដ៏អស្ចារ្យក្នុងដំណើរការប្តេជ្ញាចិត្តដ៏មោះមុត និងរួមគ្នា ក្នុងកិច្ចការជំនួយជនពិការ ការគាំទ្រសុខភាពផ្លូវចិត្ត ការទទួលបានការថែទាំសុខភាពរបស់ជនរងគ្រោះ បរិយាបន្នសង្គម-សេដ្ឋកិច្ច និងសារៈសំខាន់នៃការប្រមូលទិន្នន័យ។ បទពិសោធន៍ និងទស្សនៈល្អៗ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេស ចូលរួម។ 

ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់រដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូអភិវឌ្ឍន៏ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចប្រជុំកំពូលឆ្នាំក្រោយ ហើយកម្ពុជាស្វាគមន៍ចំពោះការចូលរួមឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ក្នុងការដំណើរការ និងការប្រព្រឹត្តិទៅនៃកិច្ចប្រជុំកំពូលទាំងមូល។

វាពិតជាចាំបាច់ណាស់ដែលយើងត្រូវរក្សាឱ្យបាននូវសន្ទុះឆ្ពោះទៅមុខ ដែលយើងបានបង្កើតឡើងនៅក្នុងសន្និសីទនេះ ហើយខ្ញុំសូមស្នើសុំឱ្យយើងទាំងអស់គ្នាប្រែក្លាយគំនិត ចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានក្នុងសន្និសីទនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីផ្លាស់ប្តូរជីវិតរបស់ជនរងគ្រោះដោយសារគ្រាប់មីន និងធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ នៅពេលដែលយើងរួបរួមគ្នា យើងនឹងអាចកសាងពិភពលោកមួយដែលជនរងគ្រោះទាំងអស់ អាចទទួលបានការថែទាំ ការគាំទ្រ និងឱកាសដែលពួកគេគួរទទួលបាន។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នាចាកចេញពីសន្និសីទនេះជាមួយនឹងការប្តេជ្ញាចិត្ត និងចំណេះដឹងថ្មី ដែលអាចជួយឱ្យជីវិតជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម កាន់តែមានភាពប្រសើរឡើង។ យើងនឹងរួបរួមគ្នាបំពេញកតព្វកិច្ច ដើម្បីការពារសិទ្ធិ និងភាពថ្លៃថ្នូររបស់ជនរងគ្រោះទាំងឡាយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តរួម ដើម្បីសម្រេចឱ្យបាននូវពិភពលោកមួយ ដែលបុគ្គលគ្រប់រូបអាចរស់នៅបានប្រកបដោយភាពថ្លៃថ្នូរ និងទទួលបានឱកាសពេញលេញ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *