ភ្នំពេញ៖ គ្រោះមហន្តរាយទឹកជំនន់ គឺនៅ តែឈរក្នុងលំដាប់លេខរៀងទី១នៅកម្ពុជា។ ជំនន់ទន្លេមេគង្គ និងជំនន់ទឹក ភ្លៀង បានបង្កផល់ប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី-ខេត្តចំនួន២០, ប៉ះ ពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដែលក្នុងនោះជម្លៀស ២,០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី ៤) រងរបួស ៦នាក់ សាលា រៀនលិចទឹក ៨៦ កន្លែង។ ទឹកជំនន់ក៏បានជន់លិចដំណាំ ស្រូវចំនួន ២២,៧១៣ហិកតានិងខូចខាត ៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន៣,០២៦ហិកតានិងខូចខាត ១,២៩៧ ហិកតា ជម្លៀសសត្វពាហនៈ ទៅទីទួលសុវត្ថិភាពចំនួន៦,៨៧៨ ក្បាល និងងាប់ ៦ក្បាល។
បន្ថែមពីលើនេះទឹក ជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង៥,០៦៩ម៉ែត្រ, ផ្លូវគ្រួស ក្រហម បេតុង និងដីសប្រវែង ១៧៤, ៨៧៦ ម៉ែត្រ ,ប៉ះពាល់និងខូចខាតស្ពាន ឈើបេតុង និងស្ពានបាឡេចំនួន៥៣ កន្លែង ។
យោងតាមប្រសាសន៍លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ (១៣តុលា ២០២៣) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២០ខែតុលានេះ។
លោក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះ មហន្តរាយក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន បញ្ជាក់ទៀតថា៖ស្ថានភាពខ្យល់កន្រ្តាក់នៅតែបន្តកើតមានក្នុងកម្រិត មធ្យមដែលក្នុងរយៈពេល៩ខែឆ្នាំ ២០២៣ នេះខ្យល់កន្រ្តាក់បានកើតមានចំនួន ២៦៣លើក ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបណ្តាលឱ្យរលំផ្ទះនិងខូច ខាតធ្ងន់ធ្ងរចំនួន១,៩៥៦ខ្នង របើកដំបូលនិងខូចមធ្យម ១២,៦៦៤ខ្នង ប្រជាជនរង គ្រោះស្លាប់ ៩នាក់ និងរបួស ១៦៩នាក់ របើកដំបូលសាលារៀន ៩១ អគារ។
រន្ទះបាញ់៖ គ្រោះមហន្តរាយដោយរន្ទះកើតមានចំនួន ១២៥លើក នៅមូលដ្ឋានរាជធានី ខេត្ត ចំនួន ២១ ដែលបណ្តាលអោយ ស្លាប់ ៧៣នាក់ (ស្រ្តី ៩ ក្មេង ៧) របួស ៥៥នាក់ ងាប់គោ ក្របី ៩៣ក្បាល និងខូចខាតផ្ទះ ១២ខ្នង។
បាក់ស្រុតច្រាំងទន្លេ-ស្ទឹង៖ កើតមានចំនួន ២៧ករណី នៅរាជធានី ខេត្ត ចំនួន ៨, ផ្ទះខូចខាតនិងបាក់ស្រុតចូលក្នុងទឹក ៣១ ខ្នង ផ្ទះរំកិលនិងរុះរើចេញចំនួន១៧៥ ខ្នង។
ដោយសារឆ្នាំនេះជាវដ្តនៃជំងឺគ្រុនឈាម ដែលបណ្តាលឱ្យស្ថានភាពនៃជំងឺមានការកើនឡើង ២ដង ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះរយៈពេល ៩ ខែ ឆ្នាំ២០២៣នេះជំងឺគ្រុនឈាមបានកើតមានចំនួន ១៩,០០០ករណី ក្នុងក្រប ខណ្ឌទូទាំងប្រទេសដែលបណ្តាលឱ្យស្លាប់ចំនួន ៣៤នាក់។
អគ្គីភ័យបានកើតមានចំនួន ៤៧២ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលក្នុងនោះឆេះផ្ទះ៥២៤ខ្នង-ល្វែង តូបលក់ដូរ ៧៩ តូប រោងចក្រ និងរោងសិប្បកម្ម ៩កន្លែង ។ ឆេះខូចខាតចំការ កៅស៊ូ តាងែន ស្វាយចន្ទីរ និងអាកាស្យា ៥៧ហិកតា។
គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវកើតមានចំនួន ២,៣៨២លើក ក្នុងក្របខណ្ឌទូទាំង ប្រទេសបានសម្លាប់មនុស្សចំនួន ១,១៣២ នាក់ និងរបួសធ្ងន់ ស្រាល ចំនួន ៣,២១១នាក់។
ឧបទ្ទវហេតុផ្លូវទឹក៖ កើតមានចំនួន ៩ ករណី លិចទូកនេសាទសមុទ្រ ២គ្រឿង ការណូតដឹកអ្នកទេសចរណ៍១គ្រឿង សា ឡង់ដឹកខ្សាច់ ១គ្រឿង លិចទូកម៉ាស៊ីននៅទន្លេមេគង្គ និងទន្លេសាប ៤គ្រឿង និងបានសម្លាប់មនុស្សចំនួន៨នាក់ (ស្រ្តី ៣ ក្មេង៥) និងជួយសង្រ្គោះ ៣៣នាក់។
លោក គីម វីរៈ អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍បន្តថារាជរដ្ឋាភិបាលបានបញ្ចេញស្បៀងពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយបានផ្ដល់ស្រូវ ពូជចំនួន ១,២០៧តោន ជូនប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២,០៤៧ គ្រួសារ សម្រាប់ធ្វើការដាំដុះឡើងវិញ ក្រោយទទួលរងគ្រោះដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ក្នុងបុព្វហេតុរួមដើម្បីគ្រប់គ្រងគ្រោះអាសន្ន និងការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយនៅក្នុងកម្ពុជា ឱ្យស្ថិតនៅកម្រិតអប្បបរិមា។
អគ្គលេខាធិ ការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បញ្ជាក់ថាតាមរយៈទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃនេះ យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងបន្ថែមនូវយន្តការគ្រប់គ្រងហានិភ័យគ្រោះមហន្ត រាយ ដោយ«ផ្លាស់ប្ដូរការផ្តោតលើការឆ្លើយ តប ទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងការកសាងភាពធន» ដែលនឹងក្លាយជាសមីការថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើដំណើរចាកចេញពីសកម្ម ភាពឆ្លើយតបគ្រោះមហន្តរាយតាមបែបប្រពៃណី ដែលយើងតែងធ្វើកន្លងមកឆ្ពោះ ទៅកាន់សកម្មភាពថ្មីដោយភាពវៃឆ្លាតមាន ការព្យាករណ៍ទុកជាមុននិងការចាត់វិធាន ការមុន ជាមួយចក្ខុវិស័យយ៉ាងច្បាស់ លាស់យុទ្ធសាស្ត្រស៊ីជម្រៅ និងផែនការជាក់លាក់៕