ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ បានអនុញ្ញាតឲ្យលោក វ៉ាង មីងយូ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃខេត្តលាវនីង ចូលជួបសម្តែងការគួរមសម នៅឯសណ្ឋាគារសូហ្វីតែលភូកេត្រា។
នៅក្នុងជំនួបនោះដែរលោក វង សូត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក វ៉ាង មីងយូ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃខេត្តលាវនីង
ព្រមទាំងគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិនខេត្តលាវនីង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឆ្លៀតឱកាស ចូលជួបសម្តែងការគួសមជាមួយលោកនាពេលនេះ។
អនុប្រធានទី២រដ្ឋសភា មានប្រសាសន៍លើកឡើងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ គណៈប្រតិភូនៅពេលនេះ បានឆ្លុះបញ្ចាំងពីការខិតខំជំរុញនិងលើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរក្នុងគ្រប់កម្រិត ជាពិសេសការតភ្ជាប់សេដ្ឋកិច្ច- ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា- ចិន។
ឆ្នាំ២០២៣នេះ ជាឆ្នាំនៃមិត្តភាពកម្ពុជា- ចិន ប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត យ៉ាងមហោឡារិកនិងជាខួប១០ឆ្នាំ ដែលប្រទេសកម្ពុជា-ចិន ប្រកាន់ខ្ជាប់នូវអទិភាពនៃការអភិវឌ្ឍដើម្បីបង្កើតគំរូថ្មីនៃកិច្ចសហ ប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។
លោក វង សូត បានបញ្ជាក់ទៀតថា ក្នុង រយៈពេលជាង៦ទសវត្សរិ៍មកនេះកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុង ជ្រោយ រវាងប្រទេសទាំងពីរ មានការវិវឌ្ឍយ៉ាងស្វាហាប់ និងត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការបំពេញទស្សនកិច្ចផ្លូវការ ជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ។ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានដាក់ចេញផែនការសកម្មភាពរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ប្រកបដោយគុណ ភាព និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
លោក វង សូត អនុប្រធានទី២រដ្ឋសភា
មានប្រសាសន៍បញ្ជាក់ទៀតថា ដោយឡែករដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ គ្នាយ៉ាងជិតស្និតផងដែរ តាមរយៈការចុះ MOUជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេសគ្រប់លំដាប់ ថ្នាក់ផងដែរ។
លោកអនុប្រធានទី២រដ្ឋសភា បាន វាយ តម្លៃខ្ពស់ និងឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិ បត្តិការ រវាងប្រទេសយើងទាំងពីរ និងការបំពេញបេសកកម្មការងាររបស់លោក រួមទាំងគណៈប្រតិភូ នៅកម្ពុជាដែលពិតជាមានសារៈសំខាន់សម្រាប់ប្រជាជាតិទាំង សងខាង។
លោក វង សូត អនុប្រធានទី២រដ្ឋសភា ក៏ បានកោតសរសើរនិងគាំទ្រចំពោះបេសក កម្មរបស់ គណៈប្រតិភូនាពេលនេះ ដែលពិតជាចូលរួមចំណែក ក្នុងការរឹត ចំណង មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា-ចិន។ ជាក់ស្តែង ការសហការគ្នាយ៉ាងជិតស្និត រវាងថ្នាក់ ដឹកនាំ សហគ្រិនពាណិជ្ជករ និងសមាគមនានា ជាអាទិ៍ សមាគមមិត្តភាពកម្ពុជា-ចិន នឹងផ្សារភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត រវាងប្រជាជន ជាពិសេសរវាងប្រជាជនខេត្តលាវនីង និងប្រជាជនកម្ពុជា។
ឆ្លៀតឱកាសនេះ អនុប្រធានទី២រដ្ឋសភា អំពាវនាវ ដល់គណៈ ប្រតិភូ ជួយជំរុញបន្ថែមទៀតក្នុងការតភ្ជាប់ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ រវាងខេត្តលាវនីង និងកម្ពុជា តាម រយៈការលើកទឹកចិត្តដល់អ្នកធុរកិច្ចចិន ក៏ដូចជាប្រជាជនខេត្ត លាវនីង មកធ្វើទេសចរកំសាន្ត និងស្វែងរកឱកាសវិនិ យោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងន័យនេះ លោកអនុប្រធានទី២ រដ្ឋ សភា សូមគាំទ្រចំពោះគម្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព រវាងខេត្តព្រះ សីហនុរបស់កម្ពុជា និងខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពល លើគ្រប់វិស័យរបស់ចិន ព្រមទាំងការបង្កើតសួនឧស្សាហកម្ម នៅខេត្តព្រះសីហនុ ដែលអាចនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងប្រជាជននៃខេត្តទាំងពីរ ស្របតាមគោលនយោបាយបន្ស៊ីគ្នា រវាងគំនិតផ្តួច ផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់កម្ពុជា។ លោក អនុប្រធានទី២រដ្ឋសភា សង្ឃឹម ថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាការពិតឆាប់ៗ ស្របតាមឆន្ទៈថ្នាក់ដឹកនាំ និងប្រជាជនទាំងសងខាង។
រដ្ឋសភាកម្ពុជា តែងវាយតម្លៃខ្ពស់ និងគាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីគោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវ និងថ្មីនេះមានគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលនឹងជួយជំរុញការអភិវឌ្ឍការថែរក្សាសនិ្តសុខ នំាមកនូវវិបុលភាពសម្រាប់មនុស្សជាតិ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋសភាកម្ពុជាលោក វង សូត អនុប្រធានទី២ រដ្ឋសភា សូមអបអរសាទរមិត្តចិន ដែល ទទួលបានជោគជ័យ ក្នុងការរៀបចំវេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣កាលពីសប្តាហ៍កន្លងទៅនេះ ជាមួយនឹងសមិទ្ធ ផលជាផ្លែផ្កាជាច្រើនសម្រាប់សមាជិក នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ហើយដែលក្នុងនោះក៏មានវត្តមាន ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមផងដែរ។
កម្ពុជា ទទួលបាននូវសមិទ្ធផលជាច្រើន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ សមិទ្ធផលដ៏ថ្មីស្រឡាងចុងក្រោយគឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ គម្រោងព្រែកជីកហ៊្វូណនតេជោ ទើបតែត្រូវបានចុះហត្ថលេខាជា មួយដៃគូអភិវឌ្ឍ ដើម្បីសិក្សាលំអិត ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជា ច្រើនទៀត កំពុងតែត្រូវបានសិក្សាជាបន្តបន្ទាប់។ ទាំងនេះពិតជាសមិទ្ធផលដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្រោមការជួយឧបត្ថម្ភគាំទ្រយ៉ាងផុសផុលពីមិត្តចិន។ កម្ពុជា-ចិន ឯកភាពគ្នាកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសនិងប្រទេស៕