Breaking News

ស្ថានភាពទឹកស្ទឹងព្រែកត្នោត​ បានស្រកអស់ច្រើន លែងជាក្តីព្រួយបារម្ភ

ភ្នំបេញ៖​ លោក ជ គឹមស័រ អភិបាលរងខណ្ឌដង្កោ បានឱ្យដឹងថា​ ស្ថានភាពបច្ចុប្បន្នទឹកស្ទឹងព្រែកត្នោត​ បានស្រកអស់ច្រើន លែងជាក្តីព្រួយបារម្ភហើយ។​ នៅស្ថានីយពាមឃ្លៃទឹកមានកម្ពស់៤,៦0ម៉ែត្រ(ស្រកចុះ១,00ម៉ែត្រធៀបព្រឹកម្សិល ៥,៦0ម៉ែត្រ)ទំនប់រលាំងជ្រៃខាងមុខទ្វារទឹកមានកម្ពស់ ៧,២៦ម៉ឺត្រ(ខ្ពស់ជាងកម្ពស់ទ្វារបិទ+0,២៦ម៉ែត្រ)​ នៅព្រឹកថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៣។

លោក ជ គឹមស័រ​ បានបញ្ជាក់ដែរថា​ ទំនប់៧មករាខាងមុខទ្វារទឹកមានកម្ពស់​ ៥,៧២ម៉ែត្រ(ខ្ពស់ជាងទំនប់បង្ហៀរ+0,៩២ម៉ែត្រ)​ ខាងក្រោយទ្វារទឹកមានកម្ពស់ ៨,៦0ម៉ែត្រ (ស្រកចុះ-0,៣៦ម៉ែត្រ ធៀបម្សិលមិញ ៨,៩៦ម៉ែត្រ)​ ស្ថានភាពទឹកទំនប់ ៧មករាទឹកបានបន្តស្រកចុះកម្ពស់សរុប-0,៨0ម៉ែត្រ។

សូមបញ្ជាក់ថា​ ជំនន់ទឹកភ្លៀងបានធ្វើឱ្យខណ្ឌដង្កោបានរងការលិចលង់ប្រមាណ១០សង្កាត់ គិតជាគ្រួសារ ២០៧៥គ្រួសារ​។ ក្រៅពីនេះក៏មានប្រជាពលរដ្ឋខ្លះបានសម្រេចរើផ្ទះទៅទីទួលសុវត្ថិភាពបណ្តោះអាសន្នផងដែរ ដោយសារផ្ទះគាត់ទាបហើយអត់មានជាន់ខាងលើ។ ទន្ទឹមនេះរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបាយទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងនេះ ហើយក៏មានក្រុមគ្រូពេទ្យចាំសង្រ្គោះផងដែរ។

លោកអភិបាលរាជធានីភ្នំពេញ​ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខណ្ឌដង្កោកាលពីចុងសប្តាហ៍នេះ ក៏បានបញ្ជាឱ្យប្រធានមន្ទីរសុខាភិបាលត្រូវចាត់ចែងកម្លាំងគ្រូពេទ្យចេញធ្វើសកម្មភាព​ ពិសេសនៅមណ្ឌលសុខភាពដែលកំពុងលិចលង់​ និងបានបញ្ជាឱ្យដាក់ទូកតូចៗចាំជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួនដែលត្រូវការឆ្លងទៅឆ្លងមកនៅតាមទីកន្លែងដែលមានទឹកជំនន់។

ក្រៅពីនេះកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលាបានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២.១០១គ្រួសារ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *