ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា។
ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ។ ខណៈនេះមានរំហូរខ្យល់បក់ពីទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹក បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០% ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០%។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពធាតុអាកាសនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងជាយថាហេតុ៕