ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល ព្រមទាំងជួបសំណេះសំណាល និងថ្លែងអំណរគុណមន្រ្តីរាជការ និងក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការបន្តសកម្មភាពតទៅមុខទៀត ដូចជាប្រែក្លាយមន្ទីរពេទ្យ ទៅជាមន្ទីរពេទ្យឯកទេសលើឯកទេស ប្រកបដោយនវានុវត្តន៍ និងឌីជីថល ព្រមទាំងមានការទទួលស្គាល់គុណភាព, ជំរុញការអនុវត្តកម្រោងសាងសង់អគារថ្មីក្រោមជំនួយឥតសំណងរបស់ KOICA ឱ្យបានលឿន, ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត, បន្តអនុវត្តសកម្មភាពដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាអាទិភាពរបស់ក្រសួងសុខាភិបាល។
បន្ថែមពីលើនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចនូវការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលក្នុងនោះវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ត្រូវចូលរួមអនុវត្តយុទ្ធសាស្រ្តគន្លឹះ ទាំង៩ ចំនុច រួមមាន៖ ការបង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាជន ដើម្បីលើកកម្ពស់សុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង ទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងសកលដែលកើតមាន ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺមហារីក ជំងឺបេះដូង ប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុធ្វើឱ្យកាន់តែប្រសើរឡើង ការពិនិត្យ ព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើង កម្មវិធីគាំពារសង្គម ដូចជា ប.ស.ស មូលនិធិសមធម៌ លើកកម្ពស់គុណភាពសេវាថែទាំសុខភាព ទាំងសេវាសាធារណៈ និងការធ្វើនិយ័តកម្មសេវាឯកជន ដើម្បីឱ្យក្លាយជាដៃគូរបស់សេវាសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលទូទាំងប្រទេស ដើម្បីបញ្ជូនអ្នកជំនាញឱ្យដល់មូលដ្ឋាន ពោលគឺបង្ខិតសេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សុខាភិបាលឌីជីថល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មនី្ទរពេទ្យកុមារជាតិ មានសេវាធំៗ ចំនួន ០២ គឺផ្នែកកុមារ និងផ្នែកសម្ភព៕