Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋ(បុគ្គលស្វ័យនិយោជន៍)បង់តែ១៥,៦០០រៀលក្នុងមួយខែ ទទួលបានប័ណ្ណ ប.ស.ស ដូចមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនដែរ

ភំ្នពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កាលពីមុនបងប្អូនយើងពលរដ្ឋ(បុគ្គលស្វ័យនិយោជន៍) ព្រួយបារម្ភថាពេលឈឺចំណាយច្រើន តែរាជរដ្ឋាភិបាលបានគិតគូរលើសុខមាលភាពពលរដ្ឋ ដោយបង់តែ១៥៦០០រៀលក្នុងមួយខែ ទទួលបានប័ណ្ណ ប.ស.ស ដូចមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនដែរ»។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារ ក៏ដូចជា ប.ស.ស ខិតខំបំពេញការងារតួនាទីរបស់ខ្លួនបំរើពលរដ្ឋឱ្យបានល្អ ។

សូមជំរាបថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។

ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ប្រមាណជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបប្រមាណជាង ៥លាននាក់។

កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះសម្តេចធិបតី ក៏បានដាក់ឱ្យដំណើរការនូវរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារងាយរងហានិភ័យ នឹងមានវិសាលភាពគ្របដណ្តប់ ប្រមាណ ៤៩ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៨លាននាក់ បន្ថែមទៀត ដែលនឹងធ្វើឱ្យផ្នែកថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល នឹងគ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៤លាននាក់។ ជារួមការដាក់ឱ្យអនុវត្តកម្មវិធីទាំងពីរនេះរួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជនចំនួនប្រមាណជាង ៩លាននាក់ ៕

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *