Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតតួកគី ប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតតួកគី បានបង្ហាញសុទិដ្ឋិនិយម និងប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កម្ពុជា-តួកគី កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអនុញ្ញាតឱ្យលោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគី ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបលោកជំទាវ អ៊ុលគូ កូចាអាហ្វេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី នូវសេចក្ដីផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ឯកឧត្តម Ali YERLİKAYA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ដែលបានផ្ញើលិខិតអបអរសាទរក្នុងឱកាស​ចូលកាន់មុខតំណែងថ្មីរបស់ឯកឧត្ដម។ ជាមួយគ្នានេះ ឯកឧត្តម ក៏ថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ចំពោះការប្ដេជ្ញាចិត្ត និងកិច្ចសហការ​យ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន។

លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោកជំទាវ ចូលជួបសម្ដែងការគួរសម។ លោកជំទាវ ក៏បានសម្ដែងការអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី៕

លោកជំទាវ Ülkü Kocaefe ក៏បានជម្រាបនូវការកត់សម្គាល់ជូនឯកឧត្ដមអភិសន្តិបណ្ឌិត ដែរថា ប្រទេសកម្ពុជា និង​សាធារណរដ្ឋតួកគី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ហើយក្នុងនោះដែរ សាធារណរដ្ឋតួកគី ក៏បានបង្កើតឱ្យមានការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខ​ផងដែរ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ឯកឧត្តម ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំ និងការប្ដេជ្ញាចិត្ត​ថា នឹងបន្តខិតខំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ។

សូមរម្លឹកថា ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចប្រទេសតួកគី កាលពីខែសីហា ឆ្នាំ២០១៩នោះ ក្រសួងមហាផ្ទៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកកិច្ចសហប្រតិបត្តិការ ចំនួន ៤ ដូចជា ៖ ទី១. ការផ្លាស់ប្ដូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន ទី២. ការផ្លាស់ប្ដូរបទពិសោធន៍លើការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល ជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ទី៣. កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹក និងទី៤. ការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធលើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *