Breaking News

លោក ប៉ែន បូណា លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាបិតាសិទ្ធិមនុស្ស បិតាសន្ដិភាព និងជាបិតាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាបិតាសិទ្ធិ មនុស្ស បិតាសន្ដិភាព និងជាបិតាអភិវឌ្ឍន៍កម្ពុជា។លោក ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ការរៀបចំកិច្ចពិភាក្សានេះគឺធ្វើឡើងដើម្បីអបអរ ទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ ខួប ៧៥ឆ្នាំ។

លោករដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីថ្លែងបែបនេះនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ខណះអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលលើប្រធានបទ “សេរី ភាពបញ្ចេញមតិ និងការទទួលខុសត្រូវ”។

លោក ប៉ែន បូណា មានប្រសាសន៍ថា នៅពេលដែលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវគិតទៅដល់សិទ្ធិរស់រានមានជីវិតមុនគេ ពីព្រោះបើគ្មានជីវិតទេ គេមិនអាចនិយាយទៅដល់សិទ្ធិអ្វីផ្សេងទៀតបានទេ ម្លោះហើយទើបនៅក្នុងគ្រឹះស្ដីសិទ្ធិមនុស្សគេឲ្យតម្លៃធំជាងគេ សិទ្ធិរស់រានមានជីវិត។ លោកបន្តថា សម្រាប់កម្ពុជាសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន ត្រូវបានរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដកហូតទាំងស្រុងចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥ ដល់ថ្ងៃ ០៦ មករា ១៩៧៩ ដែលប្រជាជនអាចនឹងត្រូវគេសម្លាប់គ្រប់ពេលវេលាដោយមិនអាចតវ៉ាអ្វីបានទាំងអស់។ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា ងើបឡើងច្បាំងដណ្ដើមយកសិទ្ធិរស់រានមានជីវិតជូនប្រជាជនកម្ពុជាវិញ។

លោកប៉ែន បូណា មានប្រសាសន៍ថា ៖«និយាយពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ សិទ្ធិនេះត្រូវបានដកហូតទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ចន្លោះថ្ងៃ ១៧ មេសា ១៩៧៥ ដល់ ០៦ មករា ១៩៧៩ សិទ្ធិនេះត្រូវបានដកហូតទាំងស្រុង។ យើងដឹងហើយថា កាលនោះពលរដ្ឋខ្មែរយើងអត់មានសិទ្ធិអីទេ ចង់គេយកទៅសម្លាប់ពេលណា ម៉ោងណា ទីណា យើងឥតមានសិទ្ធិតវ៉ា ប្រជាពលរដ្ឋខ្មែរយើង ៣លាននាក់ត្រូវបានគេកាប់សម្លាប់ បើមិនត្រូវគេសម្លាប់ទេ ក៏ស្លាប់ដោយអត់បាយ ដាច់ពោះស្លាប់ នេះគឺជាប្រវត្តិសាស្រ្ដកើតឡើងពិតៗនៅកម្ពុជា។ អ៊ីចឹងសួរថា នៅពេលដែលប្រជាពលរដ្ឋខ្មែរយើងកំពុងនៅពីមុខជ្រោះមរណៈក្នុងរបបប្រល័យពូជសាសន៍ សួរថា តើអ្នកណាគេដែលជាអ្នកចេញមុខមករំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីសេចក្ដីស្លាប់ យើងឃើញហើយ គឺមានតែឥស្សរជនរបស់យើង គណបក្សប្រជាជនកម្ពុជាដែលចេញមុខ តតាំងច្បាំងដណ្ដើមជីវិតប្រជាពលរដ្ឋខ្មែរចេញពីចង្កូមមច្ចុរាជ នៃរបបខ្មែរក្រហម ក្នុងនោះមានសម្ដេចតេជោ ហ៊ុន សែន ដែលយើងដឹងគ្រប់គ្នា គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងបេសសកម្ម ជាប្រវត្តសាស្រ្ដ ដើម្បីនាំមកវិញប្រគល់ជូនប្រជាពលរដ្ឋខ្មែរនូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានសំខាន់ជាងគេទាំងអស់ ក្នុងចំណោមសិទ្ធិទាំងឡាយនៅពេលដែលគេនិយាយពីសិទ្ធិមនុស្ស»។

លោក ប៉ែន បូណា បន្តទៀតថា បេសកកម្មរបស់សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្ដើមយកសិទ្ធិរស់រានមានជីវិតជូនប្រជាជនកម្ពុជា គឺជាបេសកម្មឈាមស្រស់ សាច់ស្រស់ ដោយយកជីវិតទៅប្ដូរយកមក។ សម្ដេចតេជោហ៊ុនសែន ក្រៅពីច្បាំងដាក់ជីវិតជាដើមទុនដណ្ដើមសិទ្ធិរស់រានមាន ជីវិតជូនប្រជាជនកម្ពុជាហើយ សម្ដេចមិនបានឈប់ត្រឹមប៉ុណ្ណោះទេ សម្ដេចតេជោ បានបន្តយកមកប្រគល់ជូនប្រជាជន នូវសិទ្ធិទទួលបានអាហារ សិទ្ធិទទួលបានលំនៅឋាន កម្មសិទ្ធិឯកជន មុខរប ជំនឿសាសនាដែលត្រូវខ្មែរក្រហមរំលាយចោល សិទ្ធិទទួលបានការអប់រំ និងការអភិវឌ្ឍប្រទេសជាតិពីគំនរផេះផង់។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាក្រោយពីទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ០៧ មករា ១៩៧៩ សម្ដេចបានខិតខំយ៉ាងខ្លាំងកសាងប្រទេសចេញពីចំណុចសូន្យ អភិវឌ្ឍន៍ប្រទេស ដៃម្ខាងទប់កុំឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រឡប់ មកវិញ ដៃម្ខាងកសាងប្រទេស រហូតដល់កម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន។

តាមរយៈការតស៊ូបដើម្បីរំដោះជាតិ នាំយកមកប្រគល់ជូនប្រជាជនវិញ នូវសិទ្ធិមនុស្សជាមូលដ្ឋាន គឺសិទ្ធិរស់រានមានជីវិត សិទ្ធិលំនៅឋាន ការសិក្សាអប់រំ និងការកសាង ការអភិវឌ្ឍប្រទេសជាតិ រីកចម្រើនយ៉ាងសម្បើមនេះ ប្រជាជនកម្ពុជាបានហៅសម្ដេចតេជោ ហ៊ុន សែន ថា សម្ដេចពុក ពីព្រោះសម្ដេចតេជោ ហ៊ុន សែន គឺជាបិតាសិទ្ធិមនុស្ស បិតាសន្ដិភាព និងជាបិតាអភិវឌ្ឍន៍កម្ពុជា។

លោក ប៉ែន បូណា មានប្រសាសន៍ថា ៖«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបំពេញ បេសកកម្មបានបំពេញបព្វហេតុធំធេងណាស់សម្រាប់សិទ្ធិមនុស្សនៅកម្ពុជា ដូចខ្ញុំរៀបរាប់នៅខាងដើម។ សម្ដេចតេជ លោកត្រូវបានប្រជាពលរដ្ឋហៅថា សម្ដេចពុក ពុក មានន័យថាម៉េច បិតា បិតាសិទ្ធិមនុស្ស ពីព្រោះលោកនាំមកនូវសិទ្ធិមូលដ្ឋាន សិទ្ធិរស់រានមានជីវិតដល់ប្រជាពលរដ្ឋខ្មែរ និងសិទ្ធិគ្រប់បែបយ៉ាងដែលខ្ញុំរៀបរាប់ខាងដើម។ បិតា សន្ដិភាព ពីព្រោះលោកជាអ្នកនាំមកនូវសន្ដិភាពពេញលេញជូនប្រទេសជាតិយើង ដែលមិន ដែលធ្លាប់មាន បិតា ការអភិវឌ្ឍពីព្រោះបងប្អូនយើងឃើញហើយសព្វថ្ងៃ ប្រទេសយើងប្រែប្រួលយ៉ាងម៉េចខ្លះ អត់មានអ្នកណានឹកស្មានថាភ្នំពេញយើងក្លាយទៅជាទីក្រុងហុងកុង

ទីក្រុងសាំងហ្គាពួរ មានអាគារខ្ពស់ៗ មានភ្លើងព្រោងព្រាតស្អាត អភិវឌ្ឍន៍ យានយន្ដទីផ្សារទំនើប ហាងទំនិញ ស្អេកស្កះអ៊ីចឹងទេ»។

លោក ប៉ែន បូណា អះអាងថា នៅក្នុងប្រវត្តសាស្រ្ដសម័យទំនើបរបស់កម្ពុជា ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ មិនមានសម័យកាលណាមួយ ដែលកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនដូចសព្វនេះឡើយ ហើយចំពោះការអភិវឌ្ឍយ៉ាងត្រចះត្រង់នេះ គឺកើតឡើងដោយសាររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន
ជាប្រមុខ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *