Breaking News

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក នេត្រ ភាក្ត្រា បានបញ្ជាក់អោយដឹងថា ៖ សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ ថ្ងៃនេះពិតជាថ្ងៃដ៏វិសេសវិសាលបំផុត សម្រាប់យើងខ្ញុំទាំង ៤៩៦ រូប ដែលមានមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបោះឆ្នោតគាំទ្រ បំពេញបន្ថែមយើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ។ លោករដ្ឋមន្ត្រីបន្តថា ៖ ក្នុងនាមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ទើបជាប់ឆ្នោតថ្មី ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយភក្តីភាពស្មោះស្ម័គ្រគោរពជូនចំពោះ សម្តេចប្រធានគណបក្ស, សម្តេចប្រធានកិត្តិយសគណបក្ស, សម្តេចអនុប្រធានគណបក្ស, សម្តេច ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា​ គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកានៃអង្គមហាសន្និបាតវិសាមញ្ញទាំងមូល ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះយើងខ្ញុំទាំងអស់គ្នា។​

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ សេចក្តីទុកចិត្ត​និងជំនឿជឿជាក់ ដែលមហាសន្និបាតផ្តល់នេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមនិងការផ្តល់ទំនួលខុសត្រូវដ៏សំខាន់មួយបន្ថែមទៀតដល់យើងខ្ញុំទាំងអស់គ្នា ដែលជាសមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជា​ដើម្បីចូលរួមចំណែកដឹកនាំការងារគណបក្ស ការពារគណបក្ស ការពារសមិទ្ធិផលគណបក្ស បម្រើជាតិនិងប្រជាជន​ តាមស្មារតីនៃលក្ខន្តិកៈ​បក្ស និងសេចក្តីសម្រេច​នានា ដោយអនុវត្តស្របតាមកម្មវិធីនយោបាយ​ និងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ​និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន​ សែន ប្រធានគណបក្ស ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *