Breaking News

អគ្គាធិការក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវលើបណ្ដឹងប្ដឹងលោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ករណីគៀបសង្កត់យកលុយពីម្ចាស់ទីតាំងលក់ស្រា ចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដប

ភ្នំពេញ៖ លោក គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានក្រុមហ៊ុនលក់ស្រាមួយ ប្ដឹងទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្ដរាគមន៍ បន្ទាប់ពីលោកបានចោទប្រកាន់ថា ក្រុមហ៊ុននោះមិនស្របច្បាប់ ហើយដើម្បីអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវបង់លុយចំនួន១០ម៉ឺនដុល្លារ និងដកហូតស្រា៤៨ដប ទាំងដែលក្រុមហ៊ុននោះ ជាក្រុមហ៊ុនស្របច្បាប់។

ចំពោះបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប តាមរយៈក្រុមមេធាវី ស៉ីនហាន បានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួចរាល់ហើយ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីឲ្យលោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ និងអន្ដរាគមន៍ និងតម្រូវឲ្យលោក គឹម ជាតិ ប្រគល់លុយចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដបនោះត្រឡប់មកវិញ ហើយចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លើយតបជាមួយបណ្ដឹងនេះ លោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះថា លោកបានទទួលនូវពាក្យបណ្ដឹងប្ដឹងលោក គឹម ជាតិ ប្រាកដមែន ហើយពេលនេះកំពុងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើការស្រាវជ្រាវ។ លោកអគ្គាធិការ បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងសុំគោលការណ៍ទៅលើហើយ»។

គួរជម្រាបថា ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅ តាមរយៈក្រុមហ៊ុមមេធាវីតំណាងឲ្យខ្លួន បានដាក់ពាក្យបណ្ដឹងទៅអគ្គាធិការក្រសួងមហាផ្ទៃ ដើម្បីប្ដឹងលោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ ថាកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារ ចូលមកក្នុងទីតាំងឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុន ដោយចោទប្រកាន់ថាផលិតផលរបស់ក្រុមហ៊ុន មានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់។

ក្នុងនោះ តម្រូវឲ្យដកស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឲ្យបិទសៀលលើទ្វារឃ្លាំងមិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។ ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន ក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឲ្យ ក្រុមលោក គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឲ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេ ដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការឡើយ។

ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ដូច្នេះក្រុមហ៊ុនស្នើសុំដល់ អគ្គាធិការ ដូចខាងក្រោម៖

_ ទី១ ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ស្រាចំនួន៤៨ដប ដែលបានដកហូតឲ្យក្រុមហ៊ុនវិញ
_ទី២ ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារត្រឡប់មកវិញ
_ទី៣ ស្នើសុំឲ្យលោកអគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *