Breaking News

មន្ត្រីនគរបាលខណ្ឌកំបូលសុំកិច្ចអន្តរាគមន៍ពីស្នងការរាជធានី ដោយសារមិនពេញចិត្តនឹងការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ

ភ្នំពេញ៖ មន្តី្រនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ មានអារម្មណ៍មិនសប្បាយចិត្តនឹងការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយសារតែអធិការរូបនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន គៀបសង្កត់មន្ត្រីក្រោមឱវាទ និងបានស្នើឲ្យលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋានរាជធានីភ្នំពេញ ជួយអន្តរាគមន៍។ នេះបើយោងតាមលិខិតគោរពជូនលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

យោងតាមលិខិតគោរពជូនលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ មន្តី្រនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានលើកឡើងថា ចាប់តាំងពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រកាសចូលមកកាន់ដំណែងជាអធិការ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មក បានបង្កើតនូវបាតុភាពមិនប្រក្រតី ប៉ះពាល់សតិអារម្មណ៍កងកម្លាំង និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង ក្នុងនោះមានដូចដូចជា៖

-ស្នើសុំតែងតាំងតួនាទី ឋានន្តរសក្តិមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយគ្មានការប្រជុំ វាយតម្លៃត្រឹមត្រូវ ដោយថ្នូរជាប្រាក់ពី ៨០០ដុល្លារ ទៅ ១.០០០ដុល្លារ (តួនាទីនាយរងប៉ុស្តិ៍ និងនាយរងផ្នែក) ដោយ គ្រាន់តែហៅ លោក-លោកស្រីអធិការរងមកចុះហត្ថលេខា ជាការស្រេច។

-ស្នើសុំតែងតាំងលោកអនុសេនីយ៍ឯក ស៊ុំ សុផានិត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ ទៅជានាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ជំនួសលោកនាយប៉ុស្តិ៍ចាស់ដែលត្រៀមចូលនិវត្តន៍ ជាថ្នូរនឹងប្រាក់ ដោយមិនគិតពីអតីត ភាពការងារ ។

-ប្រើប្រាស់កម្លាំងស៊ីវិល មកត្រួតត្រាលើកងកម្លាំងនគរបាលខណ្ឌកំបូល។

-កងកម្លាំងអន្តរាគមន៍គ្មានរបបឧបត្ថម្ភ គ្មានរបបបាយ (បើអ្នកណាហ៊ានតវ៉ា ហៅមកសរសេរស្វ័យរបាយការណ៍) ។

-ចាប់តាំងពីលោកអធិការចូលមក គាត់បានឲ្យកងកម្លាំងអន្តរាគមន៍ រើកន្លែងស្នាក់នៅចំនួនពីរដង តាមតែចិត្ត គាត់ គ្មានស្ដាប់យោបល់របស់លោក-លោកស្រីអធិការរងណាម្នាក់ឡើយ ។

-ការងារសវនកម្ម បានប្រមូលលុយពីប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍ ១០០ដុល្លារ ចំនួន៧ប៉ុស្តិ៍ ស្មើនឹង ៧០០ដុល្លារ។ ផ្នែក ចរាចរណ៍ ២០០ដុល្លារ, ផ្នែកអន្តោប្រវេសន៍ ១០០ដុល្លារ, ផ្នែកព្រហ្មទណ្ឌ ១០០ដុល្លារ, ផ្នែកគ្រឿងញៀន ១០០ដុល្លារ ផ្នែកសន្តិសុខ ១០០ដុល្លារ។

-បង្ខំឲ្យនាយប៉ុស្តិ៍ពីររូប ប៉ុស្តិ៍ប្រទះឡាង និងប៉ុស្តិ៍បឹងធំ ចេញថ្លៃធ្វើទ្វាបន្ទប់ អស់ប្រាក់ចំនួន ១.៥០០ដុល្លារ (មួយពាន់ប្រាំរយដុល្លារ) ជាថ្នូរនឹងការប្រកាសចូលកាន់តួនាទីជានាយប៉ុស្តិ៍ប្រទះឡាង និងប៉ុស្តិ៍បឹងធំ។

-បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍ទាំង៧ ចុះស្រង់ម៉ុងខ្មោច (ស្រង់ឈ្មោះខ្មោចដែលបានស្លាប់ ស្វែងរកសាច់ញាតិ កូនចៅ និងលេខទូរស័ព្ទរបស់សាច់ញាតិកូនចៅខ្មោចដែលស្លាប់)។

-ដាក់គំនាបឲ្យអធិការរងដឹកនាំកម្លាំងផ្នែក និងប៉ុស្តិ៍ពាក់ព័ន្ធ ចុះចាប់ឲ្យបាន (ម៉ូតូអត់ស្លាកលេខ ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន យកមកអធិការដ្ឋាន ទោះមានឬមិនមានសារធាតុញៀនក៏តម្រូវឲ្យបង់ប្រាក់ពី ១០០ដុល្លារ ទៅ ៣០០ដុល្លារ ជាថ្នូរនឹងការដោះលែង ។ -ចុះចាប់ប្រជាពលរដ្ឋតាមដងផ្លូវដោយខ្លួនឯង ទោះមិនដឹងថាជាបទល្មើសអ្វីឲ្យប្រាកដ ដោយគ្មានការអនុញ្ញាតពីព្រះរាជអាជ្ញា នៅចំណុចមុខក្លោងទ្វាវត្តស្ងួនពេជ្រ ។ -នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឆក់ត្រី (ឆក់គ្រាន់តែមួយហូបក្នុងគ្រួសារ) ស្ថិតនៅភូមិអង្គជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់បានប្រជាជនចំនួនពីរនាក់ ទី១-ឈ្មោះ អ៊ុំ តូច ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ ទី២-ឈ្មោះ ភួង វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ ឃុំខ្លួនពួកគាត់មួយយប់ ដោយទារលុយ ពីពួកគាត់ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារ) ជាថ្នូរនឹងការដោះលែង និងមិនបានឆ្លងព្រះរាជអាជ្ញាឡើយ។

-នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ករណ៏រកលោតពីលើផ្ទះ នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ ដោយជនរងគ្រោះមានសតិមិនគ្រប់ ឈ្មោះ ជូរ ភន អាយុ ៤៥ឆ្នាំ ភេទប្រុស ឃាត់យកមកឃុំខ្លួនមួយយប់ នៅ អធិការដ្ឋានខណ្ឌកំបូល ដោយគ្មានការឯកភាពពីព្រះរាជអាជ្ញា ។ -នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍បឹងធំបានឃាត់ជនសង្ស័យចំនួនបីនាក់ ដោយពិនិត្យទឹកនោមមានសារធាតុញៀនតែមួយនាក់ (ពីរនាក់គ្មានសារធាតុញៀន) ប៉ុស្តិ៍បានឆ្លងទៅលោកអធិការ គាត់បានឲ្យឃាត់ទាំងបីនាក់យកទៅផ្នែកជំនាញ ឃុំខ្លួនមួយយប់ ព្រឹកឡើងឲ្យថៅកែមកដោះស្រាយ ។

-នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីបូមប្រេង ស្ថិតនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ទី១-ឈ្មោះ យិន សាវឌី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ប៉ះ កង់ឡាន ទី២-ឈ្មោះ រស់ សុធា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកឡានដឹកប្រេង ដោយចោទប្រកាន់ថាករណីលួច បូមប្រេងសាំង លក់ឲ្យអ្នកប៉ះកង់ឡាន ដោយក្រុមហ៊ុនមិនបានប្ដឹងទេ ក្រុមហ៊ុនថាជាប្រេងរបស់អ្នកបើកបរឡានទេ តែ លោកអធិការនៅតែមិនស្តាប់ និងទារលុយបាន ៧៥០ដុល្លារ (ប្រាំពីររយហាសិបដុល្លារ) ជាថ្នូរនឹងការដោះលែងវិញ។

-នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឆក់ត្រី (ឆក់គ្រាន់តែមួយហូបក្នុងគ្រួសារ) នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់បាន ទី១.ឈ្មោះ អ៊ុក លីន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករ សំណង់ ទី២.ឈ្មោះ កង សារ៉ាត់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរយោធាឆ័ត្រយោង៩១១ ដោយបានឃុំខ្លួនពួកគាត់ មួយយប់ ទាំងគាត់ជាយោធា ហើយដោយមិនមានការឯកភាពពីព្រះរាជអាជ្ញា។

-នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីចាប់ឡានអ្នកដឹកគ្រែលក់ ឃាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះមួយយប់ ដោយគ្នាគ្មានលុយ ភ្លឺឡើងទើបលោកអធិការឲ្យចេញទៅវិញ។

-នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីលួចកាបូបស្ពាយក្នុងឡានមិនបានសម្រេច ឃាត់បានជន សង្ស័យឈ្មោះ កែវ ប៉ៃលិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដោយលោកអធិការបញ្ជាឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាងបញ្ចប់រឿង និងទារប្រាក់ពីជនសង្ស័យបានចំនួន ១.០០០ដុល្លារ (មួយពាន់ ដុល្លារ) ជាថ្នូរនឹងការដោះលែង ។

-នៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៣ មានករណ៏ស្រវឹងស្រា កាន់កាំបិតឡូឡាឈ្លោះគ្នា នៅភូមិតាជេត សង្កាត់បឹង ធំ ខណ្ឌកំបូល ដោយភាគីរងគ្រោះមិនប្តឹងប្តល់ទេ សុំឲ្យប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ តែលោកអធិការបានបញ្ជា គាត់ឲ្យជួយ លុយចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារ) ទើបដោះលែងគាត់ឲ្យទៅផ្ទះវិញ។

មន្រ្តីនគរបាលនៃអធិការដ្ឋានខណ្ឌកំបូលបានបញ្ជាក់ថា ការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើឲ្យប៉ះពាល់សតិអារម្មណ៍កងកម្លាំងយ៉ាងខ្លាំង ដោយមន្ត្រីម្នាក់ៗលែងមានចិត្តបំពេញការងារ ព្រោះថាលោកអធិការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងទៀតបានធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល មានការមិនពេញចិត្ត ដោយទង្វើរបស់គាត់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការប្រកបអាជីវកម្ម និងមានការភ័យខ្លាច និងការគម្រាមសម្លុត កំហែងជាថ្នូរនឹងការទទួលបានលាភសក្ការៈ។

ពាក់ព័ន្ធករណីនេះជាមួយអង្គភាព “ អែស អរ អិន ” លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលនៅរសៀលថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៣នេះ មិនអាចសំការបំភ្លឺបានទេដោយទូរស័ព្វរបស់លោកមិនអាចទំនាក់ទំនងបានទេ។
ប៉ុន្តែកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបានប្រាប់ព័ត៌មានក្នុងស្រុកមួយអោយដឹងថា នេះជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយគឺជាសិទ្ធបុគ្គល ចំពោះសកម្មភាពដែលលោកធ្វើ គឺគិតគួពីសន្តិសុខប្រជាពលរដ្ឋ ធ្វើទៅតាមបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុណ្ណោះ ចំពោះការចោទប្រកាន់ផ្សេងៗ គឺជាចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បញ្ជាក់ថា អ្វីដែលជាមូលដ្ឋានពិតប្រាកដនោះ គឺស្ថិតនៅលើចំណាត់ការបស់ថ្នាក់ដឹកនាំ ក៏ដូចជាវិន័យកងកម្លាំង ហើយចំពោះការកោះហៅឲ្យចូលបំភ្លឺបែបណានោះ គឺស្ថិតលើបទបញ្ជាផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ៕SRN

   

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *