លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០កុម្ភៈនេះ បានប្រកាសច្រានចោលពីការចុះផ្សាយព័ត៌មានមួយរបស់គណនីផេកឈ្មោះ គុណ ឪពុកម្តាយ ដែលបានចុះផ្សាយពីការតាមចាប់ខ្លួនបុរសម្នាក់ជាគ្រូបង្រៀនរបស់កម្លាំងស្នងការរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះគឺកើតឡើងនៅបរទេស មិនមែននៅកម្ពុជានោះទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមឲ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុបចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធីច្បាប់។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា កាលពីពេលថ្មីៗនេះ មានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សាលើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។ យោងតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុកផេកឈ្មោះ គុណ ឳពុកម្តាយ បានសរសេរបង្ហោះចែកចាយថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សាលើកុមារនៅក្នុងសាលារៀន បើបងប្អូនមានមុខសញ្ញានៅកន្លែងណាមួយ សូមផ្ដល់ព័ត៌មានឲ្យស្នងការ ជួយShare ផងបងប្អូនឲ្យឆាបចាប់បាន»៕SRN