ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងព័ត៌មាន និងបណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។
នៅក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញនិងប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំ រដ្ឋនិងឯកជន។
នៅក្នុងខ្លឹមសារនៃសារាចរដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»៕