ព្រះសីហនុ៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» មួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់មនុស្សចំនួន ៨៧នាក់ (ស្រី៤៣នាក់) និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV &BAR) ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង១:៤៥នាទីព្រឹក។
វត្ថុតាងចាប់យក រួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត, កញ្ចប់ចម្រុះពណ៌សង្ស័យ សារធាតុញៀន១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួន ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕