Breaking News

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះបុគ្គលដែលគ្មានសិទ្ធិ តែលួចប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់របស់អាវុធហត្ថ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះបុគ្គលទាំងឡាយណា ដែលគ្មានសិទ្ធិ ប៉ុន្ដែបានលួចប្រើប្រាស់ឯកសណ្ឋាន សញ្ញាណប័ណ្ណ និងសញ្ញាសម្គាល់របស់កងរាជអាវុធហត្ថ ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការលើករណីនេះ។

ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ធ្វើឡើងក្រោយឃើញមានការលួចប្រើប្រាស់របស់ម្ចាស់គណនី Facebook មួយដែលមិនមែនជាសមត្ថកិច្ចអាវុធហត្ថ ប៉ុន្ដែបានយកស្លាកសញ្ញារបស់អាវុធហត្ថទៅប្រើប្រាស់ដោយខុសច្បាប់ និងនាំឲ្យមានការយល់ច្រឡំពីសាធារណមតិ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបង្ហាញនូវទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដែលចែងអំពីការផ្ដន្ទាទោសនូវអំពើល្មើសដែលពាក់ព័ន្ធការប្រើប្រាស់ស្លាកសញ្ញា ឬឯកសណ្ឋានកងរាជអាវុធហត្ថ ដូចខាងក្រោម៖

យោងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១០ (ភ្ជាប់ជាមួយឯកសាររូបភាព)
យោងអនុក្រឹត្យលេខ២៦ អនក្រ.បក. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៨ ស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាកងរាជអាវុធហត្ថ និងអនុក្រឹត្យលេខ១២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យនៃកងយោធពលខេមរភូមិន្ទ (ភ្ជាប់ជាមួយឯកសាររូបភាព)។

១៖ អំពីប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៤ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។

២៖ អំពើប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅប្រើប្រាស់ដោយភ្នាក់ងារនគរបាល ឬយោធិន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ដូចមានចែងក្នុងមាត្រា៦១៥ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា។

៣៖ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវលម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្តនគរបាល ឬយោធា ដែលអាចនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀល ដូចមានចែងក្នុងមាត្រា៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងបន្តថា ជាការពិត អំពើប្រើប្រាស់ជាសាធារណៈនូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិនេះ បានធ្វើឲ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត លះបង់គ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខ រក្សារបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី សូមអំពាវនាវដល់បុគ្គលដែលកំពុងប្រើប្រាស់ជាសាធារណៈ នូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិ តាមគ្រប់មធ្យោបាយ ត្រូវបញ្ឈប់ជាបន្ទាន់ កងរាជអាវុធហត្ថនឹងធ្វើការស្រាវជ្រាវ និងអនុវត្តច្បាប់ចំពោះបុគ្គលណាដែលបន្តល្មើសច្បាប់នេះ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *