ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជា អធិបតីក្នុងពិធី ជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ គឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមគ្គុទេសឯក និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលមាន គោលដៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា និងមានវិសាលភាពអនុវត្តតែចំពោះយុទ្ធជន យុវនារីដែលបានចូលបម្រី កងទ័ពចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ និងស្ថិតក្រោមដឹកនាំ គ្រប់គ្រងបញ្ជាដោយ ផ្ទាល់របស់ សម្តេចតេជោ នាពេលនោះតែប៉ុណ្ណោះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលដូចតទៅ៖
– ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការពារសមិទ្ធិផលរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផល របស់គណបក្សឲ្យនៅស្ថិតស្ថេរគង់វង់សម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ
– ត្រូវអប់រំកូនចៅអោយក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ រស់នៅ គោរពច្បាប់ចរាចរណ៍ និងចាក់ឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងអន្ធពាល អាណាធិបតេយ្យ ដែលបានបំផ្លាញ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុង សង្គមជាតិយើង
– ចូលរួមការពារអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីខ្លួនយើង ដើម្បី ទាំងអស់គ្នា និងដើម្បីកិត្តិយសមោទនភាពជាតិរបស់យើង។
ទន្ទឹមនឹងនោះផងដែរ អតីតយុទ្ធជនដែលបានទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូរដល់សុខទុក្ខអតីតកងទ័ពនាពេលនេះ ដោយបានបង្ហាញ អំពីការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់ អំពីជីវភាពរស់នៅរបស់កងទ័ព៕SRN