កោះកុង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃនេះ ថា អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែង នៃកំណាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាឱកាសល្អ និងពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេសត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។
លោក ផន រឹម បានបញ្ជាក់បន្ថែមថា ចំណោតខាងលើ ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធករណីនេះ លោក ផន រឹម បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
បើតាមលោក ផន រឹម បានឱ្យដឹងបន្ថែមថា ក្រុមការងារការដ្ឋាន បានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។ លោក ស្នើសូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤៕ដោយ៖ សិរី នាគ