អត្ថបទ៖ ឃន ជឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១។
លោកជំទាវឯកអគ្គរាជទូតតួកគីយ៉េ បានថ្លែងនូវការកោតសរសើរចំពោះបទពិសោធន៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្សះផ្សា និងការកសាងសន្តិភាព រហូតមាតុភូមិកម្ពុជាមានអភីវឌ្ឍលើគ្រប់វិស័យ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់និងពិភពលោក។ លោកជំទាវបានបន្ថែមទៀតថា ប្រទេសតួកគីយ៉េនឹង បន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលនានា ក៏ដូចជាបទពិសោធន៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា ទៅកាន់ពិភាពលោកឲ្យបានទូលំទូលាយ។
លោកជំទាវក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ សម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលបង្ហាញអំពីសាមគ្គីភាពក្នុងស្មារតីសន្តិភាព ភាពអត់ឱន និងសហប្រតិបត្តិការ។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង ហើយភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវប្បធម៌ និងបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕
រូបភាព៖ គឹម សំណាង