(សៀមរាប)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសន័រវេស ដែលជំនួបទ្វេភាគីនេះ មានការចូលរួមពី ឯកឧត្តម Astrid Helle ឯកអគ្គរាជទូតន័រវេសប្រចាំនៅប្រទេសថៃ និងកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសន័រវេស ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសន័រវេស ដែលបានផ្តល់នូវការគាំទ្រភាពជាប្រធានរបស់កម្ពុជានៃអនុសញ្ញាអូតាវ៉ា ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធនាឱ្យបានជោគជ័យដល់ដំណើរការក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។
ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវេស ដែលបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ហើយកម្ពុជានៅតែបន្តត្រូវការការគាំទ្រពីប្រទេសន័រវេស តាមរយៈកម្មវិធីរបស់ជំនួយរបស់ប្រជាពលរដ្ឋន័រវេស (NPA)។
ឯកឧត្តម Andreas Motzfeldt Kravik បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា និងការរួមចំណែកក្នុងវិស័យសកម្មភាពមីន ជាពិសេសភាពជោគជ័យរបស់កម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕SRN