ខេត្តព្រះសីហនុ ៖ កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានការរាយការណ៍ថា មានករណីលួចក្របី ០៣ក្បាល នៅចំណុចភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានវត្ថុតាងមានសត្វក្របីចំនួន០៣ក្បាល និងរថយន្តចំនួន០៣គ្រឿង ។
ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងនិងជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី និងស្វែងរកចាប់ខ្លួនបក្សពួកដែលនៅសេសសល់ ។
សូមបញ្ជាក់ថា ករណីចោរលួចគោក្របីរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកំពង់សិលានេះ កើតឡើងជាយូរឆ្នាំមកហើយ(អាចថាបានជាង 10 ឆ្នាំ) ជាពិសេសរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្មី ដែលត្រូវចោរលួចគោក្របីអាចដល់រាប់រយក្បាលផងដែរ មិនដែលចាប់ឬបង្ក្រាបបានទេ ទើបតែនៅក្នុងខែធ្នូឆ្នាំ 2024 នេះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសហការគ្នាទើបបង្ក្រាបបានធ្វើ ឲ្យប្រជាពលរដ្ឋអបអរសាទរសប្បាយរីករាយយ៉ាងខ្លាំងចំពោះអាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសុខទុកពលរដ្ឋឈានដល់ការបង្រាប់បាននេះ។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរអរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ដូង វណ្ឌី អធិការនគរបាលស្រុកកំពង់សីលា លោក ឆាយ សុគន្ធដារ អភិបាលស្រុកកំពង់សិលា លោក ផុង គាមេឃុំកំពង់សិលា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តការពារទ្រព្យសម្បត្តិជូនពលរដ្ឋ៕ដោយ៖ ចៅ ឆេះ