ភ្នំពេញ៖ សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបង្ហាញវត្តមានលើកដំបូងនៅទឹកដីកម្ពុជានាពេលនេះ គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់ចំពោះភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានាលំដាប់តំបន់និងពិភពលោក ហើយជាងនេះទៅទៀត ក៏បានបង្ហាញថាកម្ពុជាពិតជាមានសុខសន្តិភាពពិតប្រាកដផងដែរ ទើបពិភពលោកហ៊ានតម្កល់ពានដ៏មានតម្លៃនេះ ទុកនៅកម្ពុជាជាបណ្តោះអាសន្ន ។
ថ្លែងតាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា«ស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបាន និងកំពុងបង្ហាញវត្តមានលើកដំបូងនៅទឹកដីកម្ពុជានាពេលនេះ គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់ចំពោះភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានាលំដាប់តំបន់ និងពិភពលោក។
ទន្ទឹមនេះ យើងក៏មិនអាចកាត់ផ្តាច់ពីការទទួលស្គាល់នេះ ចេញពីកត្តាសុខសន្តិភាពពេញលេញ ការគ្រប់គ្រងដោយជោគជ័យនូវកូវីដ១៩ និងការរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងប្រទេស ដែលអនុញ្ញាតអោយរាជរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលដំណើរនៃពានដ៏ល្បីមួយនេះ និងដែលធ្វើអោយសហព័ន្ធបាល់ទាត់ពិភពលោកសម្រេចផ្តល់ការទុកចិត្ត និងនាំពានលំដាប់ពិភពលោកនេះមកកាន់កម្ពុជា»។
ឯកឧត្តម បានបន្ថែមទៀតថា ក្នុងនាមកម្ពុជាជាប្រទេសសមាជិករបស់ FIFA ដំណើរគោចររបស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងក្លាចជាចំណែកមួយក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាផ្តល់នូវកម្លាំងចិត្តដល់កីឡាករ យុវជន និងសាធារណជនជាអ្នកស្នេហា និងគាំទ្រវិស័យកីឡាទាំងអស់ ក្នុងការបន្តលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ។
តាមរយៈហ្វេសបុកនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជូនពរឱ្យកម្មវិធីដំណើរគោចរពាន់រង្វាន់ដ៏មានតម្លៃ និងអត្ថន័យនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយភាពជោគជ័យនៅពេលនេះ គឺជាមូលដ្នានមួយសម្រាប់ការសម្រេចជោគជ័យបន្តទៅថ្ងៃខាងមុខទៀតផងដែរ។
ទាក់ទងនិងការបង្ហាញវត្តមានពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនេះ បានបង្ហាញទៅកាន់ពិភពលោកពីសក្ដានុពល ការអភិវឌ្ឍ និងការរស់នៅរបស់ពលរដ្ឋកម្ពុជាប្រកបដោយភាពសុខសាន្ត។
ជាងនេះទៅទៀតសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមោទកភាពយ៉ាងខ្លាំង ដោយបានកាន់ពានរង្វាន់បាលទាត់លំដាប់ពិភពលោក(FIFA) ដោយផ្ទាល់ដូចបណ្តាមេដឹកនាំប្រទេសផ្សេងៗផងដែរ ខណៈពានរង្វាន់បាល់ទាត់នេះមានមនុស្សនៅលើសកលលោកប្រមាណ ៣,៥ ពាន់លាននាក់ បានស្គាល់និងគាំទ្រនោះ៕SRN