Breaking News

ឯកឧត្តម ហ៊ុន ម៉ានី៖ ពានរង្វាន់បាល់ទាត់ពិភពលោក មានវត្តមាននៅកម្ពុជា គឺជាតឹកតាងបញ្ជាក់ថា កម្ពុជាពិតជាមានសុខសន្តិភាព ពិតប្រាកដ

ភ្នំពេញ៖ សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបង្ហាញវត្តមានលើកដំបូងនៅ​ទឹកដីកម្ពុជានាពេលនេះ គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់​នូវ​សមត្ថភាព​របស់កម្ពុជា​ដែលពិភពលោក​ទទួលស្គាល់ចំពោះភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានា​លំដាប់តំបន់​និងពិភពលោក ហើយជាងនេះទៅទៀត ក៏បានបង្ហាញថា​កម្ពុជា​ពិតជាមានសុខសន្តិភាព​ពិតប្រាកដ​ផងដែរ ទើបពិភពលោកហ៊ានតម្កល់ពានដ៏មានតម្លៃនេះ​ ទុកនៅកម្ពុជាជាបណ្តោះអាសន្ន ។

ថ្លែងតាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា«ស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ព្រះរាជាណា​ចក្រកម្ពុជា។

ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបាន និងកំពុងបង្ហាញវត្តមានលើកដំបូង​នៅ​ទឹកដីកម្ពុជានាពេលនេះ គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពរបស់កម្ពុជា​ដែល​ពិភព​លោកទទួលស្គាល់ចំពោះភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានា​លំដាប់តំបន់ និងពិភពលោក។

ទន្ទឹមនេះ យើងក៏មិនអាចកាត់ផ្តាច់ពីការទទួលស្គាល់នេះ​ ចេញពីកត្តាសុខសន្តិភាពពេញលេញ ការគ្រប់គ្រងដោយជោគជ័យនូវកូវីដ១៩ និងការរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងប្រទេស ដែល​អនុញ្ញាត​អោយរាជរដ្ឋាភិបាលកម្ពុជា​ យល់ព្រមទទួលដំណើរនៃពានដ៏ល្បីមួយនេះ និងដែល​ធ្វើ​អោយសហព័ន្ធបាល់ទាត់ពិភពលោកសម្រេចផ្តល់ការទុកចិត្ត និងនាំពានលំដាប់​ពិភពលោក​នេះ​មកកាន់កម្ពុជា»។

ឯកឧត្តម បានបន្ថែមទៀតថា​ ក្នុងនាមកម្ពុជាជាប្រទេសសមាជិករបស់ FIFA ដំណើរគោចររបស់​ពានរង្វាន់​បាល់​ទាត់ពិភពលោក FIFA World Cup នឹងក្លាចជាចំណែក​មួយក្នុងការជំរុញវិស័យ​កីឡា​បាល់ទាត់កម្ពុជា ​ក៏ដូចជាផ្តល់នូវកម្លាំងចិត្តដល់កីឡាករ យុវជន និងសាធារណជនជាអ្នកស្នេហា និង​គាំទ្រវិស័យកីឡាទាំងអស់​ ក្នុងការបន្តលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា​យើងជាម្ចាស់ផ្ទះ។

តាមរយៈហ្វេសបុកនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជូនពរឱ្យកម្មវិធីដំណើរគោចរពាន់រង្វាន់​ដ៏​មានតម្លៃ និងអត្ថន័យនេះ​ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយភាពជោគជ័យនៅពេលនេះ គឺជាមូលដ្នានមួយសម្រាប់ការសម្រេចជោគជ័យបន្តទៅថ្ងៃខាងមុខទៀតផងដែរ។

ទាក់ទងនិងការបង្ហាញវត្តមានពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នេះដែរ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដំណើរមកដល់​នៃពានរង្វាន់​បាល់ទាត់ពិភពលោកនេះ​ បានបង្ហាញទៅកាន់ពិភពលោកពីសក្ដានុពល​ ការអភិវឌ្ឍ និងការរស់នៅ​របស់ពលរដ្ឋកម្ពុជា​ប្រកបដោយភាពសុខសាន្ត។

ជាងនេះទៅទៀត​សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវ​មោទកភាព​យ៉ាងខ្លាំង ដោយបានកាន់​ពានរង្វាន់បាលទាត់លំដាប់ពិភពលោក(FIFA) ដោយផ្ទាល់ដូចបណ្តាមេដឹកនាំប្រទេសផ្សេងៗ​ផងដែរ ​ខណៈពានរង្វាន់បាល់ទាត់នេះ​មានមនុស្សនៅលើសកល​លោកប្រមាណ ៣,៥ ពាន់លាននាក់​ បានស្គាល់និងគាំទ្រនោះ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *