ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដទៃ ព្រោះសីលធម៌ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីជួបជុំពិសាអាហារសាមគ្គីយុវជន សារព័ត៌មាននិង ប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាសាលដឹហ្រ្គេនធឺរេស ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរដល់ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលបានជួយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាច្រើនរូប។ ឯកឧត្តម បានជម្រាបជូនថា កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដទៃ។ បច្ចុប្បន្ននេះ មានសារព័ត៌មាន បែបប្រពៃណី និងសារព័ត៌មានសម័យថ្មី សារព័ត៌មានអេឡិចត្រូនិក កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ មានចំនួន ច្រើន រហូតដល់គេយល់ថា ជាការបាត់បង់សារព័ត៌មានប្រពៃណី ដោយរំលេចឡើងនូវសារព័ត៌មាន អេឡិចត្រូនិក។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា ការយល់ឃើញដូច្នេះ មិនមែនជាការពិតនោះទេ ព្រោះថានៅក្នុងសម័យនេះ សារព័ត៌មាន បោះពុម្ព បានថយចុះ រហូតកាសែតខ្លះបានបិទទ្វារ ប៉ុន្តែខ្លះទៀតនៅដំណើរការ ហើយមានការរីកចម្រើន តែមិនមែនលើផ្នែក បោះពុម្ពផ្សាយនោះទេ គឺលើការផ្សាយតាមប្រពន្ធ័អនឡាញ ដែលបានបង្ហាញពីការសម្របខ្លួនតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា។
ឯកឧត្តម បន្ដថា ដូច្នេះអ្វីដែលសំខាន់ គឺការបំពេញការងារស្របតាម វិជ្ជាជីវៈសារព័ត៌មាន និងសរសេរផ្សព្វផ្សាយ នូវរឿងរាវ ព័ត៌មាន ជាច្រើនដែលបានកើតមានឡើង និងមានអ្នកវិភាគព្រឹត្តិការណ៍សំខាន់ៗ ប្រចាំអង្គភាពនីមួយៗ ទើបដំណើរការបានរហូតមកដល់ បច្ចុប្បន្ននេះ។ សារព័ត៌មាន ដែលអាចដំណើរការបានយូរអង្វែង គឺត្រូវមានព័ត៌មានច្រើន ដើម្បីឱ្យអ្នកមើលបានដឹងរឿងច្រើន។ អ្នកកាសែតដែលពូកែ ត្រូវហ៊ានហែលបញ្ច្រាស់ទឹក មានន័យថា អាចសរសេរព័ត៌មាន ដែលគេមិនយល់ឲ្យគេដឹងយល់បាន។ ដូច្នេះហើយ ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន មានសារៈសំខាន់ណាស់ដែលអាចធ្វើឱ្យយើងរស់បាន ក្នុងស្ថានភាព វិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍន៍នៃសង្គម។ ទន្ទឹមនេះ ក៍ត្រូវចាំថា សីលធម៌ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ហើយក្រសួង ព័ត៌មាន បានខិតខំលើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌បានកាន់តែល្អ ព្រោះថា ព័ត៌មាន ធ្វើឱ្យសង្គមដើរបានល្អ មានសុខដុមរមនា ក្នុងសង្គម និងមានការរីកចម្រើន ។ សម្រាប់សង្គមប្រជាធិបតេយ្យ គឺព័ត៌មាន មានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គម ប្រជាធិបតេយ្យសម័យនេះ ត្រូវតែមានការចូលរួមពីប្រជាជន ៕SRN