Breaking News

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យរក្សាទុកដាក់សំរាមក្នុងធុងកុំបោះចោលពាលវាលពាសកាល

ប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលធ្វើចំណើរចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ដូចជារមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត ជាពិសេសរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដោយត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន គឺត្រូវវេចខ្ចប់កាកសំណល់សំរាមគ្រប់ប្រភេទឲ្យបានល្អ និងយកទៅទុកដាក់តាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង ប៉ះពាល់ដល់បរិស្ថាន និងបាត់បង់អនាម័យសាធារណៈផងដែរ។

លោកជំទាវ អភិបាលខេត្តប៉ៃលិន បានអំពាវនាវបែបនេះ ខណ:ពេលដឹកនាំក្រុមការងារមន្រ្តីរាជ ការ ចុះត្រួតពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវ) ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ការយកចិត្តទុកដាក់ទៅលើ វិស័យទេសចរបែបនេះ គឺដើម្បីផ្តល់សេវាកម្ម និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិចូល ទៅលេងកម្សាន្តបង្កភាពសប្បាយរីករាយ និងកោតសរសើរចំពោះកន្លែងនីមួយៗផងដែរ។

ហើយដើម្បីលើកកម្ពស់សោភ័ណភាពនៅរមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវ បាន ស្រីមុំ បានណែនាំឱ្យយុវជន ស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញ រួមគ្នារៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម្ពន្ធ រុះរើខ្យុសដែលពុកផុយបាក់បែកចេញ និងដាក់ជំនួសដោយខ្យុសថ្មី ដែលមានរចនាបថបែបបុរាណទាក់ទាញប្រកបដោយសុវត្ថិភាព ព្រមទាំងឱ្យមន្រ្តីក្រោមឱវាទដាំផ្កានៅអមសងខាងផ្លូវចូលទៅកន្លែងលេងគួរឱ្យទាក់ទាញ សម្រាប់ទទួលភ្ញៀវទេសចរចូលមកកម្សាន្តនៅលើទឹកដីដ៏ត្បូងពេជ្រមួយនេះ បង្កើនចំណូលដល់ប្រជាពលរដ្ឋលក់ដូរផងដែរ។ 

សូមបញ្ជាក់ផងដែរថា ៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេនៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៧ជាន់ និងមានចម្ងាយចេញពីក្រុងប៉ៃលិនប្រមាណជាង៨គីឡូម៉ែត្រ ដែលបច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន បានស្ថាបនារួចរាល់ ផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ ឡើងទៅកាន់រមណីយដ្ឋាននេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្ត៕ SRN

 

Check Also

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយចំនួន២ម៉ឺនរៀល

Leave a Reply

Your email address will not be published. Required fields are marked *