Breaking News

ភ្លៀង១មេធំចាប់តាំងពីថ្ងៃរសៀលរហូតដល់ពេលយប់ បណ្តាលឲ្យលិចផ្ទះ ផ្លូវ និងផ្សារសាលាក្រៅ លោកជំទាវអភិបាលខេត្តចុះអន្តរាគមន៍

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា គេសង្កេតឃើញចាប់តាំងពីថ្ងៃរសៀលរហូតដល់វេលាម៉ោង៨ និង ០៣នាទីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មេឃនៅតែបន្តភ្លៀងធ្លាក់ខ្លាំងឡើងៗ ជាប់ជានិច្ច បង្កទៅជាជំនន់ទឹកភ្លៀងហូរចូលក្នុងផ្សារសាលាក្រៅ ស្រុកសាលាក្រៅ និងលិចលង់ភូមិនានាជាច្រើននៅក្បែរនោះដែរ បណ្ដាលឱ្យទឹកចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ អណ្តែតសម្ភារៈផ្ទះបាយ ដូចជា ចាន ឆ្នាំង ធុងជ័រ និងធ្វើឱ្យសើមសម្លៀកបំពាក់ជាដើម។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ទន្ទឹមនឹងនេះដែរ ទឹកភ្លៀងដ៍ធំ១មេនេះ បានធ្វើឱ្យលិចភូមិមួយចំនួនស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើឱ្យប្រជាពលរដ្ឋជម្លៀសរកទីទួលសុវត្ថិភាព។

ប្រភពបានបញ្ជាក់ទៀតថា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងកម្លាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋភ្លាមៗ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ធ្វើឱ្យម្នាក់ៗស្ទើរតែត្រៀមខ្លួនមិនទាន់ ក្នុងការប្រមូលសម្ភារៈកុំឱ្យអណ្តែតទឹក។  លើសពីនេះលោកជំទាវអភិបាលខេត្ត ក៍បានចុះទៅពិនិត្យមើល ប្រជាពលរដ្ឋដែលបានរងគ្រោះដោយការហូរច្រោះដីភ្នំបាក់មកលើលំនៅដ្ឋាន ទៅរកទីមានសុវត្ថិភាព បានរួចផុតអាយុជីវិតទាន់ពេលវេលា។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេមិនឃើញមានមនុស្សណាម្នាក់ឬសត្វចិញ្ចឹមរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះឡើយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *