Breaking News

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ អញ្ជើញចុះពិនិត្យមជ្ឈមណ្ឌល​វិភាគ​សំណល់ជាតិពុលក្នុងបន្លែ​ និង​ផ្លែ​ឈើ​ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានណែនាំដល់មជ្ឈមណ្ឌល​វិភាគ​សំណល់ជាតិពុលក្នុងបន្លែ​ និង​ផ្លែ​ឈើ​ នៅក្រុងតាខ្មៅ​ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ធ្វើយ៉ាងណាអោយបន្លែ ផ្លែឈើដែលចេញពីមជ្ឈមណ្ឌលរបស់យើងគឺគ្មានសារធាតុគីមី និងកាក់សំណល់ជាតិពុល ក្នុងបន្លែសុវត្ថិភាព ដើម្បីធ្វើអោយប្រជាពលរដ្ឋទទួលបាននូវបន្លែដែលមានសុវត្ថិភាពមានគុណភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានណែនាំបែបនេះក្នុងឱកាសដែលឯកឧត្តមចុះពិនិត្យមជ្ឈមណ្ឌល​វិភាគ​សំណល់ជាតិពុលក្នុងបន្លែ​ និង​ផ្លែ​ឈើ​ នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ​ អមដំណើរពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ នារសៀលថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា៖ នៅពេលដែលប្រជាពលរដ្ឋទទួលបាននូវបន្លែ ផ្លែឈើដែលគ្មានសារធាតុពុល ធ្វើអោយអ្នកបរិភោគមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗហើយនៅពេលដែលយើងបរិភោគនូវ ចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឱ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឱ្យប្រទេសជាតិរបស់យើងមានធនធានល្អជាច្រើនក្នុងការអភិវឌ្ឍប្រទេសផងដែរ។នៅពេលដែលយើង បរិភោគចំណីអាហារដែលគ្មានអាហាររូបត្ថម្ភ ធ្វើឱ្យប៉ះពាល់នូវសុខភាពរបស់យើង ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឱ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន ។ 

ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានមានប្រសាសន៍បន្ថែមថា៖ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើងទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គម។ 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *