Breaking News

សម្ដេចតេជោ​ ហ៊ុន សែន ​អញ្ជើញជាអធិបតីប្រកាសបើកការប្រកួត​កីឡាជាតិលើកទី៣ជាផ្លូវការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ម្សិលមិញនេះ បានអញ្ជើញចូលរួម​ជាធិបតី​ប្រកាសបើក ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍នេះ មានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់សម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់ ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ ដោយនារីខ្មែរប្រមាណ ៥០០នាក់ សម្ដែងក្បាច់គុនល្បុក្តតោ បាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកចូលរួមសម្ដែងសរុបប្រមាណ ៤ ពាន់នាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងលើកដំបូងនៅឆ្នាំ២០១៦ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍​​នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយដែលបានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១។  សម្តេចតេជោ ចាត់ទុកថា កូវីដ១៩ មិនអាចរារាំងដល់សម្តេច មិនឱ្យមកបើក ការប្រកួតកីឡានាពេលនេះឡើយ។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡា និងវិស័យផ្សេងៗរួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះឡើយក្នុងន័យនេះសម្តេចបាន អំពាវនាវជាថ្មីឱ្យជនរួមជាតិ បន្តថែរក្សាសន្តិភាពរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន រំលឹកជាតិថ្មីម្ដងទៀតថាឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ ប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំ ធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិដែលរៀបចំពិធីបើកជាផ្លូវការនៅពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់ សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកានេះ នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុក វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ដើម្បីត្រៀមខ្លួនគ្រប់វិស័យពាក់ព័ន្ធឲ្យការរៀបចំព្រឹត្តិការណ៍កីឡា sea games ឆ្នាំ 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យសម្ដេចតេជោបានផ្ដល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនក្នុង នោះសម្ដេចក៏នៅតែបន្តលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ទាំងអស់ គោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមាន ស្តង់ដារ បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅ នឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ,បន្តចូលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិចប្រចាំជីវិត» «ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារ-កិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់នៅក្នុងសន្តិភាព»។

សម្ដេចតេជោក៏ណែនាំឲ្យក្រសួងអប់រំយុវជន និងកីឡាត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការ ទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមជាតិដិយឡែកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន៕SRN

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *