Breaking News

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឲ្យលោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

(ភ្នំពេញ) ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងឱកាសនោះ ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតអង្គការ MAG ប្រចាំនៅកម្ពុជា ក្នុងចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ ក៏ដូចជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 

ឯគឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ MAG ទាំងអស់ ព្រមទាំងបានចាត់ទុកអង្គការ MAG គឺជាដៃគូមួយយ៉ាងសំខាន់ មិនត្រឹមតែការងារបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះនៅទីវាលប៉ុណ្ណោះទេ គឺជាដៃគូយុទ្ធសាស្រ្តឲ្យរយៈពេល ៣០ឆ្នាំ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អង្គការ MAG ក្នុងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ នាយកប្រតិបត្តិនៃអង្គការ MAG ថា រយៈពេល ៣០ឆ្នាំនេះ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ក្នុងពិភពលោក ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាប្រទេសឈានមុខ និងជាប់ចំណាត់ថ្នាក់លេខ១ ដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។

ឯកឧត្តម បន្តទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារបោសសម្អាតមីន និងគ្រប់មិនទាន់ផ្ទុះ ជាពិសេសថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្ទី នាឱកាសបិទសន្និបាទខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា បានជម្រុញឲ្យពន្លឿនការងារបោសសម្អាតមីន ព្រមទាំងបានទម្លាក់ថវិការបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ អង្គការ MAG បានរំដោះផ្ទៃមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ១២៤,៧ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៨៤.១៨៨ គ្រាប់ គ្រាប់បែកចង្កោម ៣២.១៧១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ២៨៨.០៤៩ គ្រាប់ ដោយមានអ្នកទទួលផលជាង ២លាននាក់ ព្រមទាំងបានអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះចំនួន ៣៧.៧១០ លើក៕ដោយ៖ សិរី នាគ

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *